(ពោធិ៍សាត់)៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានដឹកនាំរួម នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកវាលវែង បានដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពិភាក្សាអំពីបញ្ហាប្រឈមរកដំណោះស្រាយ រៀបចំផែនការបន្ត របស់អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម ដែលបាននឹងកំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ យ៉ាងក្តៅគគុក នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

បន្ទាប់ពីប្រធាន ក៏ដូចជាអនុប្រធាន និងសមាជិក នៃអនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តផ្ទាល់រយៈពេលប៉ុន្មានថ្ងៃនោះរួចមក, លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងសរុប ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងកម្លាំងអគ្គស្នងការនគរបាលជាតិ ចំពោះការខិតខំប្រឹងប្រែងនាពេលនេះ។ លោកបានបន្តថា តាមទស្សនៈរបស់ថ្នាក់ដឹកនាំ ជាពិសេស លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលតែងតែព្រួយបារម្មណ៍ខ្លាំង ចំពោះការបាត់បង់ព្រៃឈើ ក្នុងភូមិសាស្ត្រ ក្នុងស្រុកភ្នំក្រវាញ ពិសេសស្រុកវាលវែង ដែរជាធុងអាគុយ សម្រាប់ផលិតចេញនូវវារីអគ្គីសនី ជាច្រើនមេកាវ៉ាត់។

លោករដ្ឋលេខាធិការ បានបន្ថែមថា ចំពោះដីដែលបានឃ្មុំទុកនេះ សូមឃ្មុំឱ្យបានច្បាស់លាស់ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំបន្ថែមទៀត។ ចំពោះការបោះបង្គោលព្រំ គឺយើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយការសាងផែនទី ក៏ត្រូវមានគោលការណ៍ឯកភាព ពីថ្នាក់ដឹកនាំផងដែរ។ ដោយឡែកចំពោះបញ្ហាខ្វះខាតមន្ត្រីជំនាញបរិស្ថាន លោកនឹងពិភាក្សាជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីគោរពសុំគោលការណ៍ ទៅលោករដ្ឋមន្ត្រីក្រសួងបរិស្ថានបន្ថែមទៀត។ ពិតណាស់យើងនៅមានបញ្ហាមួយចំនួនត្រូវដោះស្រាយ ដែលទាមទារធ្វើការពិភាក្សាលម្អិត និងសុំគោលការណ៍បន្តទៀត ដូចជាប្រជាពលរដ្ឋដែលរស់នៅយូរ... រួមមាន គ្រួសារកងទ័ពជាដើម។

លោកសូមឱ្យបន្តអនុវត្តឱ្យខាងតែបាន នូវខ្លឹមសារសេចក្តីជូនដំណឹងលេខ ១១២៧/០៣២៤ សជណ ប.ស្ថ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន និងសុំគោលការណ៍បន្ថែម ពីថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីសម្រេចរាល់កិច្ចការសំខាន់ៗផ្សេងៗទៀត។

មានប្រសាសន៍ ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានដឹកនាំរួម បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងអាណត្តិទី៧ ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទាំងពីរមានបេះដូង និងឧត្តមគតិជាតិខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ លោកបានកោតសរសើរដល់កម្លាំងទ័ពស្រួច ទាំង១០ក្រុម ទោះបីផ្លូវលំបាក ឡើងភ្នំ ចុះភ្នំ កាត់ជ្រោះជ្រលងដងអូរ និងអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែទៅមុខជានិច្ច មិនរាថយឡើយ ក្នុងប្រតិបត្តិការក្តៅ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដើម្បីការពារធនធានធម្មជាតិទាំងអស់នោះ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជន។

លោក ខូយ រីដា សូមឱ្យអនុគណៈកម្មការ ទាំង១០ក្រុម ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារសេចក្តីជូនដំណឹងលេខ១១២៧/០៣២៤ សជណ ប.ស្ថ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ ជាមួយគ្នានោះ លោកបានលើកឡើង ពីប្រសាសន៍ណែនាំ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រាប់ភារៈកិច្ចប្រតិបត្តិការ មាន៦ចំណុច រួមមាន៖

ទី១៖ ទប់ស្កាត់ និងបញ្ឈប់សកម្មភាពទន្រ្ទាន។

ទី២៖ ត្រួតពិនិត្យ អត្តសញ្ញាណអ្នករំលោភច្បាប់ កាប់គាស់ឈូសឆាយ បំផ្លាញព្រៃ កាន់កាប់ដីជាកម្មសិទ្ធិខុសច្បាប់។

ទី៣៖ បង្ក្រាប និងស្រាវជ្រាវ បង្ក្រាបមេខ្យល់ មេក្លោង ទៅតាមច្បាប់។

ទី៤៖ ដោះស្រាយ ចំពោះប្រជាជនក្នុងខេត្ត, ប្រជាជនចំណាកស្រុក ឆ្លងខេត្ត គឺអញ្ជើញអាជ្ញាធរខេត្តសាម៉ី មកធានាឱ្យវិលត្រឡប់ទៅវិញ និងធ្វើការត្រួតពិនិត្យ បើប្រជាជនគ្មានដីធ្លីពិត គឺអាជ្ញាធរខេត្ត តម្លើងបញ្ជីស្នើសុំដីធ្លី ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនបងប្អូនដែលក្រីក្រ គ្មានដីធ្លីពិតប្រាកដ។

ទី៥៖ វិធានការណ៍អប់រំ ផ្សព្វផ្សាយ ជាកិច្ចការបឋម និងត្រូវធ្វើជាប្រចាំ តាមគ្រប់មធ្យោបាយ ពង្រឹងវិធានការរដ្ឋបាល និងសម្រួលវិធានការណ៍ច្បាប់។

ទី៦៖ សម្អាតផ្ទៃក្នុងមន្ត្រី កងកម្លាំង អ្នកមានសមត្ថកិច្ច ជាអ្នកអនុវត្តជាដំបូង រាល់ការឯកភាពផ្ទៃក្នុង ប្រើយន្តការតែមួយ គឺក្រោមការដឹកនាំ បញ្ជាចាត់ចែងផ្ទាល់ ពីគណៈបញ្ជាការឯកភាពខេត្ត និងចូលរួមដោយឆន្ទៈស្មោះត្រង់ រីឯក្រសួងស្ថាប័ន អង្គភាពពាក់ពន្ធ័ ជាអ្នកគាំទ្រ និងជាបង្អែក ឱ្យគណៈបញ្ជាការឯកភាពខេត្ត ជាអ្នកតាមដានត្រួតពិនិត្យ និងពិគ្រោះយោបល់៕