(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីចូលរួមដឹកនាំប្រទេសកម្ពុជាទទួលជោគជ័យថ្មីៗថែមទៀត។ សូមឯកឧត្តម បានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម ឃួន ផល្លារិទ្ធ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ពេលព្រឹកចាប់ពីម៉ោង៨:០០ ដល់ ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០នាទី ដល់១៦:០០នាទី។ សពនឹងត្រូវដង្ហែយកទៅបូជា នៅម៉ោង ០៧:១២ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវត្ត វិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕