(បាត់ដំបង)៖ បុរសអនិកជនខ្មែរអាមេរិកកាំងម្នាក់ ត្រូវជនសង្ស័យម្នាក់ផឹកស៊ី រួមតុជាមួយគ្នាចាក់ចំនួន៤កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឯកជន។ ហេតុ​ការណ៍​នេះកើតឡើងនាម៉ោង១២៖៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចហាងហែរប៊ីដ្រាហ្គន ស្ថិតក្នុងក្រុមទី៤ ភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនបរទេស ដែលជាមិត្តភ័ក្តិជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ វង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ ស្នាក់នៅផ្ទះជួលខាងត្បូងស្នងការខេត្ត ក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានយកកាំបិតចាក់លើជនរងគ្រោះឈ្មោះ សេក សាវឿន អាយុ៣៤ឆ្នាំ ជាអនិកជនខ្មែរអាមេរិកកាំង មុខរបរសាក់រូប ហើយបានមករស់នៅស្រុកខ្មែរ រយៈពេល៤ឆ្នាំហើយ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញក្រុងបាត់ដំបង កំណត់មុខសញ្ញាបាន ហើយកំពុងស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕