(បន្ទាយមានជ័យ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាព​នៃ​ការងារព័ត៌មាន និងនាំពាក្យ» ជូនមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ចំនួនជាង ៣៦០នាក់។

ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិ​បាលខេត្ត ព្រមទាំងមន្ត្រីសាលាខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់​ថ្នាក់​ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបចំនួនជាង៣៦០នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានចំណាយ​ពេលវេលាដ៏មាន​តម្លៃក្នុង​ការ​ចូលរួមជាវាគ្មិនក្នុងវគ្គតម្រង់ទិសមន្ត្រីព័ត៌មាននិងអ្នកនាំពាក្យសម្រាប់រដ្ឋបាលខេត្ត ស្រុក និងឃុំទូទាំង​ខេត្ត។ លោកបានចាត់ទុកការងារនេះ មានសាសំខាន់សម្រាប់រដ្ឋបាលខេត្តទាំងមូល។

លោក អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញ និងយកទៅអនុវត្ត​ការងារឱ្យបានសកម្ម ​និងមានប្រសិទ្ធភាពខ្ពស់។

លោក ប៉ែន បូណា បានថ្លែងកោតសរសើរអភិបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តួចផ្តើមឱ្យ​មានវគ្គ​នេះឡើង ដើម្បីជាជំនួយស្មារតីដល់ក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធការងារព័ត៌មាន និង​នាំ​ពាក្យដោយសង្កត់ធ្ងន់លើតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យ​ដែលត្រូវ​ពាំ​នាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប។

លោក ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​កសាងសមិទ្ធផលធំធេងណាស់ដែលមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុង​ក្រោយ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ដូច្នេះមន្ត្រីជាអ្នកនាំពាក្យត្រូវពាំនាំការពិតនេះ ប្រាប់​ប្រជា​ពលរដ្ឋ និងពិភពលោកឱ្យបានដឹង និងចងចាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា ទន្ទឹមនឹងនោះ អ្នកនាំពាក្យក៏ត្រូវនិយាយប្រាប់ប្រជាពលរដ្ឋ​ឱ្យ​បានដឹងពីព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងភូតកុហក ដែលត្រូវបានគេបង្កើតឡើង​ដើម្បីបំភ្លៃការ​ពិត​ពី​កម្ពុជាផងដែរ។

ក្នុងពិធីនោះ លោក ប៉ែន បូណា ក៏បានផ្តាំផ្ញើដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងនាំពាក្យចំណុះឱ្យរដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យពង្រឹងប្រសិទ្ធភាពការងារដើម្បីពាំនាំការពិត និងបង្ហាញសមិទ្ធផលនានារបស់រាជ​រដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់​ជាប្រចាំ និងលឿនរហ័ស ដើម្បីកុំឱ្យព័ត៌មានទាំងនោះចូលមកបំពុលសង្គម និងបំភាន់សាធារណមតិ៕