(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើសង្កថា ស្តីពីកំណែទម្រង់កងរាជអាវុធហត្ថ ជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

ក្នុងនោះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយករងវិទ្យាស្ថាន ប្រធានមន្ទីរ ព្រមទាំងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២៦ ជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យដឹងថា កំណែទម្រង់កងរាជអាវុធហត្ថគឺ៖

*ទី១៖ គោលដៅ៖ ថែរក្សាវប្បធម៌ ស្នាដៃ និងសមិទ្ធផលរបស់កងរាជអាវុធហត្ថ ឲ្យស្ថិតស្ថេរគង់វង់យូរអង្វែង និងផ្តល់ឱកាសដល់អ្នកបន្តវេន
*ទី២៖ គោលបំណង៖ ផ្តល់នូវចំណេះដឹង សំដៅផ្តល់ឲ្យយោធិនម្នាក់ៗ មានទស្សនៈត្រឹមត្រូវ និងមានជំហររឹងមាំចូលរួម និងគាំទ្រដំណើរការធ្វើកំណែទម្រង់
*ទី៣៖ សំណូមពរ៖ ធានាបាននូវការបង្រួបបង្រួមជាតិ និងនីតិរដ្ឋ។

នាយឧត្តមសេនីយ៍ មេបញ្ជាការ បានអះអាងថា យោងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កងកម្លាំងអាវុធហត្ថបានចូលរួម ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មការហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។

នាយឧត្តមសេនីយ៍ សៅ សុខា គូសបញ្ជាក់ទៀតថា រចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថចែកចេញជា ៣ផ្នែក៖ ផែ្នកប្រតិបត្តិការ (តួនាទី ភារកិច្ច), ផ្នែកទ្រទ្រង់ និងផ្នែកនីតិកម្ម និងត្រួតពិនិត្យ។ ចំពោះស្ថាប័ន កងរាជអាវុធហត្ថមានសេនាធិការដ្ឋាន (ស្នងការដ្ឋាន) និងអង្គភាពស្រុក ក្រុង ខណ្ឌ ចំណែកអង្គភាពមានកងរាជអាវុធហត្ថចល័ត, អង្គភាពព័ត៌មានសន្តិសុខ, អង្គភាពនគរបាលយុត្តិធម៌, អង្គភាពទ័ពជំនាញ, ឃ្លាំង, គិលានដ្ឋាន, បញ្ជាការដ្ឋានរដ្ឋបាល។

នាយឧត្តមសេនីយ៍ បានបន្តថា ការងារធ្វើកំណែទម្រង់គោលដៅ គឺធានាដំណើរការប្រព្រឹត្តិទៅរបស់រដ្ឋ, ត្រូវតែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ, វិធីសាស្ត្រនៃការកែទម្រង់ គឺធ្វើការកែពីថ្នាក់លើទៅថ្នាក់ក្រោម។ អំពីស្ថានភាពបុគ្គលិកចំនួនទ័ព ឋានន្តរសក្តិ ចូលនិវត្តន៍។ ការងារហ្វឹកហ្វឺន មធ្យោបាយ គ្រឿងបំពាក់ វិធានការកសាងកងរាជអាវុធហត្ថស្អាតស្អំ ជាយោធិនដែលប្រកាន់ខ្ជាប់នូវវិន័យ និងជាយោធិនគំរូក្នុងការគោរពច្បាប់ ទាំងការរស់នៅ ធ្វើការ និងរៀនសូត្រ៕