(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេញមួយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងលោកគ្រូ អ្នកគ្រូ ប្រមាណ៧០០នាក់ ធ្វើតេស្តរកសារធាតុញៀន។

ជាលទ្ធផលតេស្តលើមន្ត្រីរាជការប្រមាណ ៧០០នាក់ខាងលើនេះ លទ្ធផលអវិជ្ជមានទាំងអស់។

សូមបញ្ជាក់ថា កន្លងមកលោក ចេង មុនីរ៉ា តែងតែលើកយកបញ្ហាប្រឈមនឹងគ្រឿងញៀនលើកឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយដាក់ចេញឱ្យបង្ក្រាបគ្រប់មុខសញ្ញាសង្ស័យទាំងអស់ ព្រោះថាគ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឱ្យប៉ះពាល់ដល់សង្គមនាពេលបច្ចុប្បន្ន ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបទបញ្ជាលេខ ០១ ប.ប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនមានការលើកលែងឡើយ។

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ហើយក្នុងករណីរកឃើញមន្ត្រីណាម្នាក់ មានសារធាតុញៀន នឹងត្រូវអនុវត្តតាមបទបញ្ជា៕