(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យមន្ទីរ អង្គភាព ស្រុក-ក្រុង សហការជាមួយស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងពន្លឿនការធ្វើតេស្តទៅលើមន្ត្រីរបស់ខ្លួនទាំងអស់ ធ្វើយ៉ាងណាកុំឱ្យមាន គ្រឿងញៀនក្នុងអង្គភាពរដ្ឋ សម្រេចបានតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ មន្ត្រីជាអ្នកអនុវត្តន៍ច្បាប់ត្រូវតែស្អាតស្អំ និងមិនមានការពាក់ព័ន្ធជាមួយគ្រឿងញៀន ដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត។

ការជំរុញបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។

លោក វ៉ី សំណាង បានលើកឡើងថា ការធ្វើតេស្តរកសារធាតុញៀនទៅមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ គឺជាគោលការណ៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យមន្ត្រីទាំងអស់មានភាពស្អាតស្អំ និងមិនមានជាប់ពាក់ពន្ធ័ជាមួយគ្រឿងញៀនដាច់ខាត និយាយជារួម គឺអ្នកបង្ក្រាប មិនមែនជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនឡើយ។

អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនបានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គមកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការ បង្ការ បង្ក្រាបឱ្យមានប្រសិទ្ធិភាព ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពសង្គមមួយប្រកបដោយចីរភាព ព្រោះបច្ចុប្បន្ននេះ គ្រឿងញៀនបានក្លាយជាហេតុផលចម្បងមួយនៃអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ ហើយពេលខ្លះបានក្លាយជាអំពើឃាតកម្មផងដែរ។

ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំលឹកដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ ពិសេសស្នងការដ្ឋាននគរបាល និងអាវុធហត្ថខេត្ត និងអ្នកពាក់ពន្ធ័ត្រូវធ្វើការបង្រ្កាបឱ្យបានទាន់ពេលវេលានូវអំពើជួញដូរ គ្រឿងញៀនខុសច្បាប់ បទល្មើសជួញដូរមនុស្ស (ជួញដូរផ្លូវភេទ) ក្មេងទំនើង និងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ព្រមទាំងបង្ក្រាបករណីបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានព្រៃឈើយកដីជាដើម។ ជាងនេះត្រូវឆ្លើយតបសំណូមពរ ដោះស្រាយបញ្ហាទុក្ខកង្វល់ជូនប្រពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់៕