(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ និងទទួលខុសត្រូវទាំងស្រុង នូវរាល់ឧបទ្ទវហេតុ ដែលបានផ្តល់ព័ត៌មានដោយ អតិថិជន។ ដើម្បីឆ្លើយតបទៅនឹង ករណីដែលបានកើតឡើងចំពោះ Galaxy Note 7 ថ្មីនេះ ក្រុមហ៊ុនបានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយរកឃើញថាវាជា បញ្ហារបស់ថ្មទូរស័ព្ទ។

រហូតមកដល់ពេលនេះ មិនទាន់មានហេតុការណ៍ណា កើតឡើងចំពោះថ្មរបស់ទូរស័ព្ទ ដែលបានចែកចាយ នៅក្នុងកម្ពុជានៅឡើយទេ។ ប៉ុន្តែសម្រាប់ សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា សុវត្ថិភាពអតិថិជន គឺជាកត្តាចំបង ដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាកការលក់ទូរស័ព្ទ ម៉ូដែល Samsung Galaxy Note 7 ថ្មី ជាបណ្តោះអាសន្ន។
 
ចំពោះអតិថិជនទាំងឡាយណា ដែលបានជាវ Galaxy Note 7 យកទៅប្រើប្រាស់ហើយនោះ ក្រុមហ៊ុនស្ម័គ្រចិត្ត ប្តូរជូននូវទូរស័ព្ទម៉ូដែលដូចគ្នាថ្មីមួយ នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត។

ក្រុមហ៊ុន Samsung បានបញ្ជាក់ទៀតថា «យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាឲ្យបានថា សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា នៅតែបន្តផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យបានថា រាល់ការផ្លាស់ប្តូរ ទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់»។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង មកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្ម តាមរយៈលេខ ០២៣ ៩៩៣ ២៣២ ចាប់ពីថ្ងៃច័ន្ទ ទី ៥ កញ្ញា ឆ្នាំ ២០១៦ នេះតទៅ៕