(ពោធិ៍សាត់)៖ គួរឲ្យអាសូរណាស់លោកអើយ! បុរសម្នាក់បើកត្រាក់ទ័រដឹកបង្គោលជន្លង់ម្រេច ពេលឡើងចំណោតមិនរួច ក្រឡាប់កិនខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍អកុសលនេះ បានកើតឡើងនៅវេលាម៉ោង ១២៖២៥នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចភ្នំតាងិល ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលបើកត្រាក់ទ័រ ក្រឡាប់កិនខ្លួនឯងស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ម៉ៅ ប្រាក់ អាយុ២១ឆ្នាំ ជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រ ដោយដឹកបង្គោលជន្លង់ម្រេចជាច្រើន ហើយខណៈពេលនោះត្រូវឡើងចំណោត ដោយឡើងមិនរួចក៏ថយក្រោយមកវិញ បណ្តាលឲ្យក្រឡាប់កិនខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕