(ចិន)៖ ទីក្រុង Hangzhou ប្រទេសចិន មានសភាពស្ងាត់ជ្រងំនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរដ្ឋាភិបាលចិន កំពុងធ្វើការរៀបចំទទួលមេដឹកនាំនៃបណ្តា ប្រទេសធំៗលើពិភពលោក ដែលនឹងអញ្ជើញមក​ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃស្អែក ទី០៤ ខែកញ្ញា នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនារសៀលថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

Hangzhou ជាទីក្រុងដែលធ្លាប់តែមានសភាពមមាញឹក បានប្រែមានសភាពស្ងប់ស្ងាត់ នៅក្នុងព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូល G20 បន្ទាប់ពីអាជ្ញាធរ ធ្វើការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្នុងទីក្រុង និង​ប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុង Hangzhou ឈប់សម្រាករយៈពេលមួយសប្តាហ៍ និងបានផ្អាកដំណើរការបណ្តោះអាសន្ននូវបណ្តាផ្សារទំនើប ភោជនីយ៍ដ្ឋាន និងកន្លែង​ធ្វើពាណិជ្ជកម្មនានា ស្ថិតក្បែរមហាវិថីដែលត្រូវធ្វើចរាចរណ៍ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សូមជំរាបថា កិច្ចប្រជុំកំពូល G20 នឹងប្រារព្ធឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី០៤ និងទី០៥ ក្នុងក្រុង Hangzhou នៃប្រទេសចិន៕