(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យការសាងសង់ផ្ទះចំនួន ១៥០ខ្នង និងសាលារៀនមួយខ្នងជូនយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ភ្នំឆ័ត្រ ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះពិនិត្យការសាងសង់នេះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំឲ្យក្រុមជាងយកចិត្តទុកដាក់សាងសង់ឲ្យមានគុណភាព ជាពិសេសថ្នាក់ដឹកនាំមណ្ឌលត្រូវតាម​ដានការសាងសង់ឲ្យបាន​ដិតដល់ ហើយត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំនូវដំណើរការសាងសង់នេះ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ឲ្យដឹងថា ផ្ទះទាំង ១៥០ខ្នង គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសនៅចំពោះមុខយោធិនពិការថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុក​ដាក់ខ្ពស់​ទៅលើសុខទុក្ខ របស់យោធិនពិការ ក៏ដូចជាអតីតយុទ្ធជន ហើយតែងបានផ្តល់ការឧប្ថម្ភថវិកាចូលរួមសាងសង់ផ្ទះសម្រាប់ជនពិការ និងជួយដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត៕