(កោះកុង)៖ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹង នៅលើ Facebook Page ផ្លូវការរបស់ខ្លួនថា «ពលរដ្ឋ២០០០នាក់ នៅតំបន់អារ៉ែងរំភើបរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្លូវ និងស្ពាន»។ ការបញ្ជាក់របស់កញ្ញា ធី សុវណ្ណថា បែបនេះបានធ្វើឡើង នៅក្នុងវេទិកាសាធារណៈ​រៀបចំឡើងនៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

Facebook Page របស់កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ឲ្យដឹងថា ព្រឹកនេះវេទិកា (ទី៣២) ស្រុកថ្មបាំង ខេត្តកោះកុង (តំបន់អារ៉ែង) ពលរដ្ឋ២០០០នាក់ ពលរដ្ឋរំភើបរីករាយណាស់ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្លូវ និងស្ពាន» ។

គួរបញ្ជាក់ថា កាលពី កញ្ញា ធី សុវណ្ណថា បានចូលរួមបញ្ចេញយោបល់ក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានស្នើ សាងសង់ផ្លូវ និងស្ពាន​ប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង។ ជាការឆ្លើយតប នាពេលនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់កញ្ញា ធី សុវណ្ណថា អតីតអ្នក គាំទ្រគណបក្សសង្រ្គោះជាតិ ដោយស្នើសាងសង់ផ្លូវ និងស្ពាន​ប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង ដោយផ្តល់ការទទួលខុសត្រូវ ទៅឲ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។  

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពានខាងលើនេះ គឺដើម្បីជាប្រយោជន៍បម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋនៅតំបន់ នោះ មិនមែនបម្រើដល់ការកាប់​ឈើនោះឡើយ​។ សម្តេចថា ត្រូវធ្វើយ៉ាងណាឲ្យតំបន់អារ៉ែង ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរ មកកម្សាន្ត និងទស្សនា។

ជាការកត់សំគាល់ ផ្ទុយពីការថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ប្រជាពលរដ្ឋ១២០០នាក់ នៅតំបន់អារ៉ែង ឃើញថា មានប្រជាពលរដ្ឋ រាប់ពាន់នាក់ទៀត បានរិះគន់ មិនសំចៃ​មាត់ ទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ថា ជាមេដឹកនាំគ្មានការទទួលខុសត្រូវ និងមិនសាកសមជាមេ​ដឹកនាំឡើយ។ ជាទូទៅ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ ចុះជួបសំណេះសំណាល គឺតែងរិះគន់បែបនេះ៕