(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន CNN ថា ចិនត្រូវធ្វើខ្លួនឲ្យជាសមជាប្រទេសមហាអំណាច ដែលមានភាពទទួល ខុសត្រូវ និងគួរតែចៀសវាង ការតម្លើងសាច់ដុំរបស់ខ្លួន នៅក្នុងវិវាទជាមួយ នឹងបណ្តាប្រទេសតូចតាចលើបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅវេលាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

លោក អូបាម៉ា បន្តថាសហរដ្ឋមេរិកគាំទ្រ ការកើនឡើងនូវអំណាចរបស់ចិន ប៉ុន្តែចិនខ្លួនឯង វិញនោះ ត្រូវទទួលស្គាល់ថា ទន្ទឹមនឹងការកើនឡើងនៃអំណាចភាពទំនួលខុសត្រូវ ក៏ត្រូវតែកើន ឡើង ដូចគ្នា។ លោកប្រធាធិបតីបញ្ជាក់ទៀតថា បើចិនបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញា យល់ព្រមទទួលយក ការដោះស្រាយពីអន្តរជាតិហើយនោះ ចិនមិនគួរទៅតម្លើងសាច់ដុំ នៅដែនដីសមុទ្រចិនខាងត្បូង ទោះបីជាខ្លួនជាប្រទេសដែលមានអំណាចជាង ប្រទេស ហ្វីលីពីន វៀតណាម ឬបណ្តាប្រទេសដ៏ទៃៗទៀតក៏ដោយ។

លោកប្រធានាធិបតីបញ្ជាក់ជាចុងក្រោយថា អាមេរិកទទូចឲ្យ ចិនគោរពតាមច្បាប់អន្តរជាតិដើម្បី ចូលរួមចំណែកពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ។ លោក អូបាម៉ានិយាយថា «នៅពេលដែលយើង ឃើញប្រទេសចិនបំពានច្បាប់អន្តរជាតិបែបនេះ យើងបានបញ្ជាក់ដោយម៉ឺងម៉ាត់ថា ចិននឹងជួបផលវិបាកពីទង្វើនេះ»

សូមជ្រាបថា ប្រទេសចិនបានចាញ់ក្តី លើជម្លោះបញ្ហាដែនសមុទ្រចិនខាងត្បូង ដោយតុលាការ អន្តរជាតិទីក្រុងឡាអេ កាត់ក្តីកាលពីថ្ងៃទី១២ ខែកក្កដា៕