(តាស្គែន)៖ រដ្ឋាភិបាលអ៊ូបេគីស្ថាន បានប្រកាសជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ ពីមរណៈភាពនៃប្រធានាធិបតីលោក Islam Karimov ដែលការប្រកាសនេះធ្វើឡើងនៅ ក្រោយ ពីមានពាក្យចរចាមអារ៉ាមជាច្រើនស្ដីពីមរណៈភាពរបស់ នារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកញ្ញា។

ប្រភពដដែលក៏បានឱ្យដឹងដែរថា លោក Islam Karimov មានវ័យ៧៨ឆ្នំា បានស្លាប់បាត់បង់ ជីវិតដោយសារតែជំងឺដាច់សសៃឈាមខួរក្បាល។ រីឯពិធីបុណ្យសព របស់លោក Karimov នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ នេះ នៅឯទីក្រុង Samarcande ជាទីដែលបានលោកចាប់កំណើត ខណៈពិធីកាន់ទុក្ខរយៈពេលបីថ្ងៃ ក៏នឹងចាប់ផ្ដើមឡើងនៅថ្ងៃសៅរ៍នេះ ផងដែរ។

សូមបញ្ជាក់ថា លោក Islam Karimov បានកាន់ដំណែងជាប្រធានាធិបតី អ៊ូបេគីស្ថាន តំាង តែពី ឆ្នំា១៩៩១ រហូតមកទល់នឹង ឆ្នំា ២០១៦នេះ។ ក៏ប៉ុន្តែ បច្ចុប្បន្ន អ្វីដែលគេកំពុង ព្រួយបារម្ភ នោះគឺ ថាតើនរណានឹងត្រូវឡើងមកកាន់ដំណែងបន្តជំនួស មេដឹកនំាចាស់វស្សារូបនេះ។

មេដឹកនាំស្ថាប័ន និង រដ្ឋាភិបាលនៅសកលលោក ដូចជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន ជាដើម បានថ្លែងសារសម្តែងមរណៈទុក្ខរួចមកហើយដែរ ចំពោះលោក ប្រធានាធិបតី និង បានរៀបរាប់ពីស្នាដៃជាច្រើនរបស់លោក ក្នុងនាមជាមេដឹកនាំដ៏ឆ្នើមរបស់ អ៊ូបេគីស្ថាន និង ការរួមចំណែកជួយដល់សន្តិសុខ និង សន្តិភាពរបស់អន្តរជាតិ៕