(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារ ស្រែណូយ និងនៅតាមផ្ទះជុំវិញ ផ្សារឃុំស្រែណូយថ្មី ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន នៅចំងាយប្រមាណ 75គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

មន្រ្តីកាំកុងត្រូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមបណ្តាតូប មួយចំនួន រួមមាន ស្ពៃជ្រក់ សណ្តែកបណ្តុះ និងប្រហុករួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Sodium Hydrosulfite , Salicylic Acid និង Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះមួយចំនួនស្ថិតនៅ តាមផ្ទះជុំវិញផ្សារឃុំស្រែណូយថ្មី រួចមក លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏ កំទេចចោលនៅពេលក្រោយ។

ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖

-ទឹកក្រូចដបជ័រខ្នាតធំចំណុះ 1,25 លីត្រចំនួន 134ដប ។
-ទឹកក្រូចដបជ័រចំណុះ 0.5 លីត្រ ចំនួន 6ដប។
-ទឹកក្រូចដបជ័រចំណុះ 0.33 លីត្រ ចំនួន 7ដប ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។ ជាពិសេសនៅពេលរដូវបុណទានជិតមកដល់ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់លក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។