(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដើម្បីបានប្រើប្រាស់យូរអង្វែង និងកាត់បន្ថយការលំបាកក្នុងធ្វើដំណើរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង ដែលអមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងច្បារមន និងប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយ​ក្រវ៉ាន់ជាច្រើននាក់។

សូមជម្រាបថា ផ្លូវចាក់បេតុងខាងលើ មានប្រវែង១,៧២០ម៉ែត្រ ទទឹងខ្នងលើ១២ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ធ្វើឡើងដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០១៦ មានទីតាំងស្ថិតនៅភូមិ​ដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ផ្លូវនេះប្រើប្រាស់បានទូទៅ សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួន ដូចជាស្រុកសំរោងទង ស្រុកបសេដ្ឋ ស្រុកគងពិសី និងក្រុងច្បារមនជាដើម៕