(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយជាកៅអីបង្គន់ប្លាស្ទីក ចំនួន ២,០០០ សម្រាប់ចាស់ជរា និងជនពិការពីក្រុមហ៊ុន KRIENG THAVORN CONTAINERS CO.,LTD ដែលជាក្រុមហ៊ុនរបស់ថៃ។ ពិធីនេះធ្វើឡើងនៅកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បាននាំសេចក្តីថ្លែងអំណរគុណ អំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោក សាម៉ាន គុណាកនប៉ៃប៊ូនស៊ីរី ប្រធានក្រុមហ៊ុន និងសហការី ដែលបានផ្តល់អំណោយជាកៅអីបង្គន់ប្លាស្ទីក ដល់កាកបាទក្រហម ហើយកាកបាទក្រហមកម្ពុជានឹងចាត់ចែង ចែកចាយទៅដល់គ្រួសារដែលជា ចាស់ជរា អ្នកជំងឺ និងជនពិការ នៅតាមសហគមន៍នានា នៅក្នុងប្រទេសកម្ពុជា។

លោកស្រី អគ្គលេខាធិការ បានរំលឹកផងដែរអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមថៃ។

លោក សាម៉ាន គុណាកនប៉ៃប៊ូនស៊ីរី ប្រធានក្រុមហ៊ុន KRIENG THAVORN CONTAINERS បានបង្ហាញសេចក្តីត្រេកអរ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ព្រោះថា កៅអីបង្គន់ប្លាស្ទីកនេះ នឹងចូលរួមចំណែកសម្រួលដល់ការរស់នៅ របស់គ្រួសារខ្មែរ ដែលមានជនចាស់ជរា អ្នកជំងឺ និងជនពិការ។

លោកបានរៀបរាប់អំពីសកម្មភាពរបស់ក្រុមហ៊ុន ដែលបានចែកចាយកៅអីបង្គន់ប្លាស្ទីក ដល់គ្រួសារ​​ ដែលត្រូវការបំផុតនៅតាមសហគមន៍ ក្នុងប្រទេសថៃ ហើយ ក្រុមហ៊ុន មានបំណងនឹងចែកចាយដល់ប្រជាជនក្រីក្រ នៃប្រទេសជិតខាងដទៃទៀតដូចជាភូមា និងប្រទេសឡាវផងដែរ៕