(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានធ្វើការឃាត់ខ្លូនជនជាតិចិន និងវៀតណាម១៩នាក់ ដែលបានចូលមកធ្វើការ និងរស់នៅខុសច្បាប់ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីតាំងតាមហាងកាត់សក់ (ខាងលិចផ្សារថ្មី) ស្ថិតនៅផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានឡើង ដោយមានការណែនាំផ្ទាល់ពី នាយឧត្តសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងមានការសម្របសម្រូលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ក្រោយប្រតិបត្តិការមន្ដ្រីជំនាញ បានធ្វើការឃាត់ខ្លូនជនជាតិចិនម្នាក់ និងស្ដ្រីជនជាតិវៀតណាម១៨នាក់ ដោយក្នុងនោះ មានលិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងារត្រឹមត្រូវ ចំនួន១១នាក់ គ្មានលិខិតឆ្លងដែន៨នាក់ ស្រី៧នាក់ មាន២សញ្ជាតិ បុរសជនជាតិចិនម្នាក់ ជាជាងកាត់សក់ គ្មានលិខិតឆ្លងដែន ស្រ្តីជនជាតិវៀតណាម៧នាក់ ជាជាងកាត់សក់គ្មានលិខិតឆ្លងដែន។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បានបន្តថា កម្លាំងនគរបាលអន្ដោប្រវេសន៍ នឹងបន្ដធ្វើការងារនេះ ឲ្យដូចភ្លៀងរលឹម។

បច្ចុប្បន្នជនបរទេសទាំងអស់ ត្រូវបានកម្លាំងជំនាញ នាំខ្លូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ៕