(ក្រចេះ)៖ សាឡង់បូមខ្សាច់ដ៏ធំរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានបោះទីតាំងធ្វើសកម្មភាពបូមខ្សាច់ នៅកន្ទុយកោះទ្រង់ ដើម្បីលុបបឹងពង្រីកក្រុងនោះ បានប្តូរទីតាំងបូមខ្សាច់ទៅផ្នែកខាងក្រោមទន្លេវិញហើយ ក្រោយពីមានការតវ៉ាយ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋដែលរស់នៅលើកោះទេសចរណ៍មួយនេះ ពីព្រោះពួកគាត់មានព្រួយបារម្ភចំពោះការបាក់ច្រាំង និងអាចប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់។

ប្រធានសហគមន៍ទេសចរណ៍កោះទ្រង់ ក្រុងក្រចេះ លោក ប៊ុន បាន បានឲ្យដឹងថា ការស្នើសុំឲ្យមានការផ្លាស់ប្តូរទីតាំងបូមខ្សាច់នេះ ក្រោយពីសាឡង់បូមខ្សាច់មួយគ្រឿងដ៏ធំរបស់ក្រុមហ៊ុនខាងលើ បានមកបោះទីតាំងបូមខ្សាច់ក្នុងទន្លេ នៅក្បែរនឹងកន្ទុយកោះទ្រង់។ សកម្មភាពនេះ បានធ្វើឲ្យពលរដ្ឋ ព្រួយបារម្មបាក់ច្រាំងដីកោះ បង្កផលប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ និងអាចបង្កហានិភ័យផ្សេងៗទៀត នៅពេលខាងមុខ។
ពលរដ្ឋអះអាងថា «អាជីវកម្មបូមខ្សាច់នេះ នឹងបណ្តាលឲ្យប្រែប្រួលឆ្នេរខ្សាច់កោះទ្រង់ ដែលទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់​ នៅរដូវប្រាំងរាល់ឆ្នាំ ហើយក៏អាចបាក់ដីកោះផ្នែកណាមួយ នៅពេលខាងមុខជាក់ជាមិនខាន»

បើតាមការលើកឡើងពីប្រធានសហគមន៍ទេសចរណ៍កោះទ្រង់ ក្រោយពីមានការស្នើសុំពីពលរដ្ឋឲ្យមានការផ្លាស់ប្តូរទីតាំងបូមខ្សាច់នេះ គឺមានមន្ត្រីជំនាញរបស់មន្ទីររ៉ែនិងថាមពលខេត្ត បានចុះទៅជួបប្រជុំជាមួយពលរដ្ឋ ហើយខាងមន្ទីរបានយល់ព្រមទៅតាមសំណើររបស់ពួកគាត់ ដោយឲ្យសាឡង់បូមខ្សាច់នេះ ផ្លាស់ប្តូរទីតាំងពីកន្លែងចាស់ដែលធ្លាប់បូមនៅក្បែរកន្ទុយកោះ ឲ្យបូមថយចុះទៅក្រោម ដែលមានចម្ងាយពីកន្ទុយកោះទ្រង់ប្រវែង១ពាន់ម៉ែត្រ។

ទោះជាយ៉ាងណា ប្រធានសហគមន៍ បាននិយាយសង្កត់ធ្ងន់ថា សាឡង់បូមខ្សាច់នោះ បានទៅបូមនៅខាងក្រោមដីកោះក៏ដោយ ក៏ពួកគាត់នៅតែឃ្លាំមើល ហើយបើសិនជាសាឡង់បូមខ្សាច់ មិនគោរពទៅតាមគោលការណ៍ នោះពលរដ្ឋ មានសិទ្ធិប្តឹងបញ្ឈប់មិនឲ្យគាត់បូមតែម្តង។

ពាក់ព័ន្ធ និងករណីបូមខ្សាច់ខាងលើនេះលោក រ័ត្ន តុលា នាយការិយាល័យធនធានរ៉ែ បានឲ្យដឹងថា អាជីវកម្មបូមខ្សាច់នេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបន្តទៀតថា ចំពោះកង្វល់របស់ពលរដ្ឋ ខ្លាចបាក់ច្រាំងឬស្រុតនោះ ខាងមន្ទីរបានចុះទៅសម្របសម្រួល និងពន្យល់ពួកគាត់ឲ្យបានយល់់ កាលពីថ្ងៃ៣១ ខែសីហាកន្លងទៅនេះ ពួកគាត់បានយល់ព្រម និងមិនជំទាស់ទៀតទេ៕