(ភ្នំពេញ)៖ បុរសម៉ៅការជីកដាក់ខ្សែកាប្តិ៍តាមផ្លូវម្នាក់ ពេលនេះកំពុងតែវ័ន្តបំណុលជំពាក់ប្រាក់ខែកម្មកររបស់ខ្លួនជាង ៥០នាក់នោះ បានអំពាវនាវទទូចសុំឱ្យក្រុមហ៊ុន ខ្សែកាប្តិ៍ CSE ដែលបានជួលឲ្យគាត់ ម៉ៅការជីកដីកប់ខ្សែកាប្តិ៍ គិតជាថ្លៃឈ្នួលប្រមាណ ៧ទៅ ៨ម៉ឺនដុល្លារនោះ សងប្រាក់ដែលនៅជំពាក់ឲ្យ គ្រប់ចំនួនទៅគាត់វិញ ដើម្បីយកទៅបើកប្រាក់ខែបន្តឲ្យកម្មករបន្ត ពីព្រោះពួកគេកំពុង ត្រូវការប្រាក់នោះជាចាំបាច់។

បុរសមេការខាងលើមានឈ្មោះ ខែម សុខា អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ចំណែកក្រុមហ៊ុន CSE មានទីតាំងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ខែម សុខា បានថ្លែងប្រាក់អង្គភាព Fresh News នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា កាលពីឆ្នាំមុនក្រុមហ៊ុន CSE បានជួលលោកឲ្យម៉ៅការ ជីកដីកប់ខ្សែកាប្តិ៍ ពីចំណុចអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ តាមផ្លូវជាតិលេខ៣ រហូតដល់ចំណុចតានីទូកមាស ស្រុកឈូក ខេត្តកំពត ហើយលទ្ធផលទទួលមានប្រវែង២៨គីឡូម៉ែត្រ គិតជាថ្លៃឈ្នួលប្រមាណ៧ទៅ៨ម៉ឺនដុល្លារ តែក្រុមហ៊ុន CSE បានជំពាក់ថ្លៃម៉ៅការនេះជាង២ម៉ឺនដុល្លារទៀតតាំងពីឆ្នាំមុនមកម្ល៉េះ។

លោក ខែម សុខា បានបន្តថា រយៈពេលជាងមួយឆ្នាំហើយ ក្រុមហ៊ុន CSE នៅតែមិនទាន់សងប្រាក់ ដែលនៅសល់ទាំងនោះទៀត។ មួយទៀតសោត ការងារជីកដីខាងលើនោះ លោកបានប្រើកម្លាំងកម្មករ និងបានជួលពួកគេពេញថ្លៃ ទូទាត់ទៅស្ទើរតែគ្មានចំណេញអ្វីទេ ហើយលោកក៏នៅជំពាក់លុយកម្មករជាច្រើនទៀតដែរ។

ទោះយ៉ាងណា លោក ខែម សុខា នៅតែទទូចហើយទទូចទៀត គឺសុំឱ្យក្រុមហ៊ុន CSE ធ្វើការទូទាត់ប្រាក់ដែលនៅជំពាក់ជាង ២ម៉ឺនដុល្លារនោះ សងទៅលោកវិញឱ្យបានគ្រប់ចំនួន ព្រោះលោកមិនមានប្រាក់ បើកឱ្យកម្មកររបស់លោក ដែលកំពុងជួបការខ្វះខាតនោះទេ។

ដោយឡែក ចំពោះក្រុមហ៊ុនខ្សែកាប្តិ៍ CSE អង្គភាព Fresh News មិនទាន់អាចទាក់ទងបានទេជុំវិញបញ្ហានេះ៕