(ភ្នំពេញ)៖ ដោយមើលឃើញពីការខិតខំប្រឹងប្រែង លើការបង្ក្រាបគ្រឿងញៀន តាមមូលដ្ឋានដែលទទួលបានលទ្ធផលល្អប្រសើរនោះ និងជាពិសេសទទួលបានស្នាដៃ ចាប់បានមេក្លោងជនជាតិថៃម្នាក់ ដោយដកហូតថ្នាំញៀនជាង១៤គីឡូក្រាម កាលពីដើមខែសីហានោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារជូនដល់ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង។

លោកឧត្តមសេនីយ៍ឯក ម៉ក ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានថ្លែងថា «ជំនួសមុខថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍ច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះមហាករុណាទិគុណ របស់សម្ដេចក្រឡាហោម ក្នុងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំង ដែលមានស្នារដៃក្នុងការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនធំមួយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។ លិខិតសរសើរ និងទឹកប្រាក់ជារង្វាន់ចំនួន២០០០០ដុល្លារអាមេរិក ដែលសម្ដេចបានផ្ដល់យើងខ្ញុំ ពិតជាឱសថដ៏ស័ក្តសិទ្ធបំផុតជំរុញឲ្យយើង ខ្ញុំរឹតតែខិតខំបន្ថែមទៀតក្នុងបេសកកម្មដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានដាក់ចុះ»

សូមបញ្ជាក់ថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃម្នាក់ ជាមួយថ្នាំជាង១៤គីឡូក្រាម នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ៕