(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រោមការបញ្ជាផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ ខៀវ សាម៉ន បានបន្តប្រតិបត្តិការចុះទៅបង្ក្រាប ករណីគ្រឿងញៀន នៅផ្ទះសំណាក់ «មនោរម្យរីករាយ» ផ្ទះលេខ៦A ច្រកទី៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយនេះ ត្រូវបានលោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» បានបញ្ជាក់ថា ចាប់ឃាត់ខ្លួនមេលក់គ្រឿងញៀន២នាក់ ប្រុសម្នាក់ និងអ្នកប្រើប្រាស់៩នាក់ (ប្រុស៣នាក់) និងឃាត់ស្រ្តីម្ចាស់ផ្ទះសំណាក់ម្នាក់ សរុប១២នាក់ ដកហូតថ្នាំញៀនបានធំតូច១៥កញ្ចប់ ក្នុងនោះពណ៌ខ្មៅ៤ កញ្ចប់ ជញ្ជីងថ្លឹង១ និងសំភារៈជក់មួយចំនួនធំ។

លោក យិន បញ្ញារិទ្ធ បានបន្តទៀតថា ការចុះបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង ក្រោយពេលដែលកម្លាំងនគរបាលរបស់លោក បានចុះបង្ក្រាប និងចាប់ខ្លួនមេចែកចាយគ្រឿងញៀន២នាក់ នៅខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចមិញ ដោយដកហូតថ្នាំចំនួន១៦កញ្ចប់ ធំតូច។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវយកទៅសួរនាំនៅការិយាល័យរបស់លោក ដើម្បីចាត់ការបន្តទៀត៕