(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅភាគីអូស្រ្តាលី ផ្តល់ជំនួយបច្ចេកទេសផ្នែកម៉ាស៊ីនកិនស្រូវ និងទិញអង្ករពីកម្ពុជា ព្រមទាំងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសអូស្រ្តាលី និងស្នើអូស្ត្រាលីបន្តជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា និងទេសចរឱ្យមកទស្សនានៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ការស្នើរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានាពេលនេះបានធ្វើឡើង ខណៈសម្តេចបានជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ​ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា។

ក្រៅពីការលើកឡើងខាងលើ សម្តេច សាយ ឈុំ សង្ឃឹមថា បេសកកម្មការទូតនេះ នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ និងកាន់តែផ្លៃផ្កាឡើងថែមទៀត។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស រួមមានវិស័យកសិកម្ម អប់រំ សុខាភិបាលអភិវឌ្ឍន៍ ជនបទហេដ្ឋារចនាសម្ព័ន្ធ ច្បាប់និងយុត្តិធម៌ ព្រហ្មទណ្ឌ ឧក្រិដ្ឋកម្មឆ្លងដែន ហិង្សាប្រឆាំងនឹងស្រ្តី សិទ្ធិជនពិការ និងការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប លោកស្រី Angela Corcoran បានថ្លែងអំណរគុណចំពោះសម្តេច ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលា អនុញ្ញាតឲ្យ លោកស្រី ចូលជួបសម្តែងការគួរសមនាព្រឹកនេះ។ តាមរយៈ បេសកកម្មការទូតនេះ លោកជំទាវសន្យាថានឹងខិតខំជំរុញឲ្យមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង សភានៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាង ប្រទេសទាំងពីរកម្ពុជា និងអូស្ត្រាលី ជាអាទិ៍លើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ដោះមីន ពាណិជ្ជកម្ម និងវិនិយោគទុន។

លោកស្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកដ៏សំខាន់ តាមរយៈអនុស្សរណៈស្តីពីការទទួលយកជនភៀសខ្លួនបរទេស ដែលជាការបង្ហាញអំពី ឆន្ទៈដ៏ខ្ពង់ខ្ពស់ របស់កម្ពុជា។

ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងរូបសម្តេចផ្ទាល់ នឹងត្រៀមខ្លួនជានិច្ច ធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយ លោកស្រី និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេច ប្រធានព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងដែរថា ប្រទេសអូស្ត្រាលី ក៏បានផ្តល់វិភាគទានជាបន្តបន្ទាប់ក្នុងដំណើការនៃសាលាក្តីខ្មែរក្រហម។ ដោយឡែកចំពោះវិស័យអប់រំ អូស្ត្រាលី បានបង្កើន អាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន៥០នាក់ ក្នុងមួយឆ្នាំ។ ក្រោមផែនការ កូឡុំបូ និស្សិតអូស្ត្រាលី បានធ្វើដំណើរមកកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការកសាងភាពជាអ្នកដឹកនាំ ដោយក្នុងឆ្នាំនេះចំនួន៣០០ នាក់ និងឆ្នាំក្រោយនឹងរំពឹងថាដល់៤០០នាក់។ និស្សិតអូស្ត្រាលី ចូលចិត្តមកកម្ពុជា ដែលជាទិសដៅទី៥ដ៏មានប្រជាប្រិយភាពនៅក្នុងរង្វង់អាស៊ាននេះ៕