(ភ្នំពេញ)៖ គណៈកម្មការប្រឡង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននឹងកំពុងដំណើរការបូកសរុបពិន្ទុ ដោយប្រព័ន្ធកុំព្យូទ័រ នៃការប្រឡងរបស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅការិយាល័យប្រឡងនាយកដ្ឋាន មធ្យមសិក្សាចំណេះទូទៅ ប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួម ត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ ACU ផងដែរ។

បើតាម Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុ គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានកំពុងមមាញឹកបំពេញភារកិច្ចបញ្ចូលពិន្ទុបេក្ខជនក្នុងកុំព្យូទ័រ ប្រកបដោយភាពស្ងប់ស្ងាត់ល្អ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ»។

ជាមួយនឹងការបូកពិនិត្យនេះដែរ ក្រសួងអប់រំ បានបន្ថែមថា ការបូកពិន្ទុនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានធ្វើការត្រួតពិនិត្យ ទិន្នភាពទូទៅនៃដំណើរការបូកនេះ តាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពផងដែង។

សូមរំលឹកថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្តផ្សេងទៀតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។ លទ្ធផលទាំងនេះ ក៏អាចពិនិត្យមើលនៅលើទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕