(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើប្រទេសកាណាដា ជួយពង្រឹងសមត្ថភាពកម្ពុជាឲ្យបានកាន់តែប្រ សើរថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ ដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក ស្តេហ្វេន ឌីអន រដ្ឋមន្រ្តីការបរទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសកាណាដាថា នៅឆ្នាំ២០១៦នេះ កម្ពុជាបានជួបប្រទះគ្រោះធម្មជាតិ រាំងស្ងួត ខ្សល់កន្ត្រាក់ និងរន្ទះបាញ់ជាច្រើន ហើយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ហើយកម្ពុជា កំពុងស្វែងរកវិធី និងធ្វើការងារ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនេះ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អ្នកព័ត៌មាននៅក្រោយជំនួប។

បើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់បណ្តាលមកពីឥទ្ធិពល នៃបម្រែបម្រួលអាកាសធាតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើប្រទេសកាណាដា ជួយពង្រឹងសមត្ថភាពកម្ពុជាក្នុងការឆ្លើយតបជា មួយបម្រែបម្រួលអាកាសធាតុនេះ​ ឲ្យកាន់តែប្រសើរថែមទៀត។

នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសកាណាដា សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើសុំបណ្តាប្រទេសអភិវឌ្ឍន៍ទាំងឡាយ មានការទទួលខុសត្រូវឲ្យបានកាន់តែខ្ពស់ថែមទៀត ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលប្រទេសទាំងនោះ បានប្រើប្រាស់ធនធានធម្មជាតិ ជំរុញការអភិវឌ្ឍន៍ប្រទេសរបស់ពួកគេ ជាហេតុជះឥទ្ធិពលអាក្រក់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងមានការអភិវឌ្ឍន៍តិចតួច។

ឆ្លើយតបកង្វល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ស្តេហ្វេន បានបញ្ជាក់ថា កាណាដា បានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាបម្រែ បម្រួលអាកាសធាតុនេះ។ លោក ស្តេហ្វេន បានបញ្ជាក់ថា ប្រទេសកាណាដា បានត្រៀមថវិការហូតដល់ ២,៦ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសក្រីក្រ ដែលរងផលប៉ះពាល់ដោយការការប្រែប្រួលអាកាសធាតុ។

លោក ស្តេហ្វេន ក៏បានបញ្ជាក់ផងដែរ ពីគោលបំណងរបស់លោក ក្នុងការមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា។ លោកថា ដំណើរ ទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងកម្ពុជា និងកាណាដា ឱ្យកាន់តែរឹងមាំថែមទៀត។

លោក ស្តេហ្វេន បានបញ្ជាក់ផងដែរថា កាណាដា បានយកចិត្តទុកដាក់ និងជំរុញការវិនិយោគ លើវិស័យធានារ៉ាប់រង វិស័យព័ត៌មានវិទ្យា វិស័យគ្រប់គ្រងទឹក និង បញ្ហាបរិស្ថានផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលកន្លងមកបានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាព និង អភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានស្នើប្រទេសកាណាដា ជួយដល់មជ្ឈមណ្ឌលមីនអាស៊ាននៅកម្ពុជា ផងដែរ៕