(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំខេត្តសាកែវ ធ្វើអន្តរាគមន៍ដោះស្រាយជាបន្ទាន់នូវករណីពលករខ្មែរចំនួន ១៦នាក់ដែលអាជ្ញាធរខេត្តសាកែវឃាត់ខ្លួន ពេលដែលពួកគេធ្វើដំណើរពីទីក្រុងបាងកក ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។

ក្រោយមានហេតុការណ៍នេះ កើតឡើងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានសំរបសំរួលជាមួយអាជ្ញាធរថៃ ឲ្យមានការ ដោះលែងពលករខ្មែរ ហើយបានទាក់ទងជាមួយថៅកែថៃឲ្យប្រគល់លិខិតឆ្លងដែន ដល់ពលករខ្មែរទាំង១៦នាក់ នេះវិញ។

ក្រសួងការបរទេស បានបន្ថែមថា ពេលទទួលបានលិខិតឆ្លងដែន ស្ថានអគ្គកុងស៊ុលបានរៀបចំជូនដំណើរពលករទាំង១៦នាក់នេះ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។ ពលករទាំង១៦នាក់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា ការអន្តរាគមន៍ដោយយកចិត្តទុកដាក់នេះ បានធ្វើឡើងបន្ទាប់ពីបានទទួលដំណឹងថា មានពលករខ្មែរចំនួន១៦នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តសាកែវ។ ខណៈនោះ ស្ថានអគ្គកុងស៊ុលបានចុះជួបសួរសុខទុក្ខ ពលករខ្មែរទាំង១៦នាក់  (បុរស៧នាក់ - នារី៩នាក់) នៅអគ្គបញ្ជាការដ្ឋានកងទ័ពកម្លាំងបូព៌ាថៃ ស្រុកវឌ្ឍណាណាខន ខេត្តសាកែវ ហើយទទួលបានព័ត៌មានថា ពួកគេជា ពលករស្របច្បាប់ ដែលបានធ្វើការនៅ រោងចក្រកាត់ដេរ នៅទីក្រុងបាងកក។ ពលករទាំង១៦នាក់ បានសម្រេចចិត្តសុំឈប់ពីការងារ ប៉ុន្តែថៅកែពុំព្រមអោយឈប់ និងបានដកហូតលិខិតឆ្លងដែនរបស់ពួកគាត់ទុក៕