(វ៉ាស៊ីនតោន)៖ ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រនៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក បាននិងកំពុងត្រៀមខ្លួនដើម្បីទប់ទល់ នឹងការវាយប្រហាររបស់ព្យុះហឺរីគែន Hermine ដែលជាព្យុះកំណាច បំផុតមិនធ្លាប់កើតមានក្នុងរដ្ឋនេះរយៈពេល ១១ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៦។

លោក Rick Scott អភិបាលរដ្ឋផ្លូរីដា បានហៅព្យុះ Hermine ថា «ការគំរាមកំហែងអាយុជីវិត» ហើយលោក ក៏បានព្រមានអំពីកម្លាំងព្យុះ បោកសង្គ្រប់ខ្លាំង ដែលនឹងនាំឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន។ លោក Rick បានអំពាវនាវថែមទៀត ឲ្យប្រជាជនដែលស្ថិតនៅ ចំពោះមុខព្យុះហឺរីគែននេះ ត្រូវត្រៀមជម្លៀសខ្លួនទៅរស់នៅទីតាំងសុវត្ថិភាពយ៉ាងហោចណាស់ បីថ្ងៃ ប្រសិនបើអាចទៅរួច ព្រមទាំង រៀបចំរបស់របរប្រើប្រាស់ចាំបាច់ និងចំណីអាហារទុកផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធររដ្ឋផ្លូរីដា បានសម្រេចដាក់ស្រុកចំនួន ៥១ ក្នុងចំណោម ៦៧ ទៅក្នុងការប្រកាស អាសន្ន ខណៈព្យុះហឺរីគែន ខាងលើនេះត្រូវបានគេរំពឹងថា នឹងទៅដល់ឆ្នេរសមុទ្រនៃរដ្ឋផ្លូរីដា នៅវេលាល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន។ ភ្លៀងធ្លាក់ ក៏នឹងមានកម្រិតខ្ពស់រហូតដល់ទៅ ៥១សង់ទីម៉ែត្រផងដែរ សម្រាប់ផ្នែកមួយចំនួនរបស់រដ្ឋ ដែលមានសណ្ឋានដីជាជ្រោយលយចូលទៅ ក្នុងមហាសមុទ្រមួយនេះ៕