(ភ្នំពេញ)៖ ក្រុមហ៊ុ​ន WorldBridge និង Metro Global បានចុះហត្ថលេខាកិច្ចសហប្រតិបត្ដិការលើការគ្រប់គ្រង អចលនទ្រព្យ ដើម្បីឲ្យសំណង់អគារកាន់តែមានស្ដង់ដារលំដាប់អន្ដរជាតិ គុណភាពប្រណិតល្អគ្មានពីរ សុវត្ថិភាព អនាម័យ ផាសុខភាព១០០% ដល់អតិថិជន ទាំងមុន និងក្រោយពីបានរស់នៅអគារឬខុនដូរបស់ខ្លួន ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia និងជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ប៉ិនប្រសព្វលើវិស័យវិនិយោគ អចលទ្រព្យយ៉ាងកំពូលនៅកម្ពុជា លោក ឧកញ៉ា សៀ ឬទ្ធី បានថ្លែងថា ការចុះកិច្ចសហប្រតិបត្ដិការនៅថ្ងៃនេះ គឺក្រុមហ៊ុនទាំងពីរបានផ្ដោតសំខាន់ទៅលើការ​ គ្រប់គ្រងអចលនទ្រព្យ បែបបទនៃរៀបចំអគារមួយឲ្យមានស្ដង់ដារអន្ដរជាតិ ពិសេស គឺដើម្បីពាំនាំនូវអ្វីដែលថ្មី ប្លែក ទំនើប​ស៊ីវិល័យ ដែលមាននៅតាមប្រទេសល្បីៗលើពិភពលោក យកមកអភិវឌ្ឍនៅកម្ពុជា ឲ្យដើរទាន់សម័យកាល សុវត្ថិភាព ផាសុកភាព អនាម័យ និងការថែទាំ យ៉ាងល្អគ្រប់ផ្នែកនៃ អគារ ឬខុនដូ ដែលយើងបានលក់ទៅដល់អតិថិជនយើង។

លោក បន្ដពិសេស «ជាមួយនឹងគម្រោង The Bridge របស់យើង ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ ២០១៨ ប៉ុន្ដែខ្ញុំអាចហ៊ានអះអាងថា គម្រោងនេះ នឹងហើយមុនផែនការ គឺប្រហែលជាចុងឆ្នាំក្រោយនេះ អតិថិជនអាចចូលទៅរស់នៅបានខ្លះៗហើយ ព្រោះពេលនេះ យើងសង់បានរហូតដល់ជាន់ទី៣៦ហើយ ដោយក្នុងឆ្នាំនេះ យើងសង់ដល់ជាន់ទី៤៥ សម្រាប់ឆ្នំាក្រោយយើងគ្រាន់តែឌីគ័រ គឺគិតថាមួយឆ្នាំយើងអាចធ្វើចប់សព្វគ្រប់ ទន្ទឹមនឹងការលក់The Bridge នៅពេលនេះ លក់អស់ហើយ ហើយយើងនឹងចាប់ផ្ដើមលក់ Shop House នៅពេលឆាប់ៗខាងមុខនេះ ដូច្នេះបានជាថ្ងៃនេះ ខ្ញុំចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Metro Global ដើម្បីកាលណាខ្ញុំលក់នូវ Shopping ឬ Retail ខ្ញុំគិតថា តើមានអ្នកណាអាច គ្រប់គ្រង់បានដែលអត់ ពីព្រោះយើងមិនអាចឲ្យផ្សារមួយ ខ្វះការគ្រប់គ្រងបានទេ ខ្ញុំចង់ឲ្យផ្សាររបស់ខ្ញុំនេះ ឲ្យដូចជាផ្សារដែលទំនើបនៅបរទេស ដើម្បីឲ្យមានចរន្ដ និងអនាម័យ អាចគ្រប់គ្រងឲ្យបានច្បាស់លាស់ ដូចនេះហើយបានជាយើងជួលក្រុមហ៊ុន ក្នុងការសហការជាមួយយើង ក្នុងការធ្វើការងារនេះ មុននឹងយើងលក់នូវ Shop House របស់យើងនេះ»

ទន្ទឹមនឹងនោះលោក Jerry Xu ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិMetro Global បានលើកឡើងផងដែរថា «Metro Global ជាក្រុមហ៊ុនស្ដង់ដារអន្ដរជាតិ មានបទពិសោធន៍ជាយូរឆ្នាំ ដែលពោរពេញទៅដោយធនធានមនុស្សយ៉ាងសម្បូរបែប ក្នុងការធ្វើការគ្រប់គ្រងអចលទ្រព្យ ដែលត្រូវបានបង្កើតឡើង នៅប្រទេសអូស្រ្ដាលី បច្ចុប្បន្ននេះ មានការិយាល័យយ៉ាងធំនៅសិង្ហបុរី នៅថ្ងៃនេះ បានបង្ហាញវត្ដមាននៅកម្ពុជា ក្រោយពីចុះកិច្ចសហប្រតិបត្ដិការជាមួយនឹងក្រុមហ៊ុន WorldBridge ហើយយើងនឹងជួយអភិវឌ្ឍនៅចំណុចខ្វះខាតនៅកម្ពុជា ឲ្យក្លាយជាស្ដង់ដារអន្ដរជាតិ ហើយយើងនឹងផ្គត់ផ្គង់លើសេវាកម្មការគ្រប់គ្រងអចលនទ្រព្យជាលំដាប់ៗឲ្យមានភាពល្អឥតខ្ចោះខណៈដែលមើលឃើញថា សក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនខ្ពស់ពីមួយទៅមួយឆ្នាំនេះ»

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការ លើការគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជានេះ បានធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យលក់របស់WorldBridge៕