(ណៃពិដោ)៖ យោងតាមសារព័ត៌មានស៊ិនហួរ ចុះផ្សាយនាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានបរិច្ចាគប្រាក់ ១០០លានក្យាដ (ប្រមាណ៨២,០០០ដុល្លារសហរដ្ឋអាមេរិក) ទៅកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីជួយដល់សកម្មភាពជួសជុលឡើងវិញ នូវបណ្តាវត្តអារ៉ាមពីបុរាណដែលបានរងការ ខូចខាតដោយគ្រោះរញ្ជួយដីនាទីក្រុង Bagan កាលពីខែសីហា។

រដ្ឋមន្ត្រីកិច្ចការវប្បធម៌និងសាសនាមីយ៉ាន់ម៉ា​ លោក Thura U Aung Ko បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន សម្រាប់ការបរិច្ចាគនេះ ដោយបានលើកឡើងថា វាគឺជាវប្បធម៌ ដ៏ល្អចំពោះប្រទេសជិតខាងនឹងគ្នា ដែលចិនបានផ្តល់ជំនួយដល់មីយ៉ាន់ម៉ា នៅពេលដែលមីយ៉ាន់ម៉ា រងការវាយប្រហារដោយគ្រោះរញ្ជួយដី។

ឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ា លោក Hong Liang បានឲ្យដឹងថា ចិននឹងបន្តដល់ជំនួយ បន្ថែមទៀត ទៅកាន់មីយ៉ាន់ម៉ា ហើយលោកក៏បានបញ្ជាក់ទៀតថា ក្រុមមន្ត្រីជំនាញចិន នឹងធ្វើដំណើរមកកាន់មីយ៉ាន់ម៉ា ដើម្បីជួយសាងសង់ឡើងវិញ នូវបណ្តាវត្តដែលរងការខូចខាត ក្នុងទីក្រុង Bagan ដែលមានអាយុកាល ១,០០០ឆ្នាំ។

គួររំឮកថា គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារ តំបន់ភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា បានធ្វើឲ្យវត្ត និងប្រាសាទ ជិត៤០០កន្លែង បានរងការខូចខាត នៅតំបន់ Bagan-Nyaung Oo។ តំបន់ Bagan ធ្លាប់ត្រូវបានរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិតខ្លាំង នៅក្នុងឆ្នាំ១៩៧៥ បានបណ្តាលឲ្យវត្ត​ជាង១,០០០កន្លែង និងប្រាសាទជាង២,២១៧កន្លែង បានរងការខូចខាត។ នេះបើតាមការបញ្ជាក់ពីលោករដ្ឋមន្ត្រីមីយ៉ាន់ម៉ា៕