(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញនោះ កម្លាំងនគរបាលទាំង១២ខណ្ឌ សហការជាមួយនគរបាលការិយាល័យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានបន្តយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជារៀងរាល់យប់តែម្តង ដូច្នេះបើបងប្អូនណាមិនទាន់ ទទួលបានសេវាសាធារណ:ទាំងនេះ អាចអញ្ជើញទៅធ្វើបានតែម្តង ក្នុងមូលដ្ឋានរបស់ខ្លួន។

យុទ្ធនាការនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង៦ រហូតដល់ម៉ោង១០ជារៀងរាល់យប់។

ជាក់ស្តែងនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ នគរបាលនិងអាជ្ញាធរខណ្ឌទាំង១២ បានបន្តយុទ្ធនាការចុះតាមមូលដ្ឋាន តាមផ្សារ និងតាមខ្នងផ្ទះដើម្បីធ្វើ និងចែកជូនអត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់ សៀវភៅគ្រួសារជូនប្រជាពលរដ្ឋរបស់ខ្លួន។

សម្រាប់ខណ្ឌសែនសុខលោកអធិការ ម៉ក់ ហុង បានបញ្ជាក់ថា លោក បានដឹកនាំកំលាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបំពេញបែបបទផ្តល់សៀវភៅស្នាក់នៅក២ ជូនប្រជាជនបានចំនួន១៤គ្រួសារ មនុស្ស៥៦នាក់ ប្រុស២៩នាក់ អាយុ១៨ឡើង៣៥នាក់ ប្រុសសរុប២១នាក់ និងបានថតអត្តសញ្ញាណប័ណ្ណបានចំនួន១៦ ប្រុស០៩នាក់។

ជាទិសដៅបន្តទៀតលោកអធិការបានបញ្ជាក់ថា បន្តការធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅពេលយប់បន្តទៀត ដើម្បីសំរួលជូនប្រជាពលរដ្ឋ ដែលបានជាប់រវល់នៅពេលថ្ងៃ។

សម្រាប់ខណ្ឌចំការមនវិញ លោក យិន សាន អធិការខណ្ឌ បានបញ្ជាក់ថា លោកបានដឹកនាំ អធិការរង ចៅសង្កាត់លោកនាយប៉ុស្តិ៍ បានចុះធ្វើអត្តសញ្ញាណប័ណ្ណនិងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅផ្ទះលេខM120 ក្រុម33 ភូមិ6 សង្កាត់ទន្លេបាសាក់។ ក្នុងនោះបានចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានចំនួន៨សន្លឹកប្រុស៣ និងបានធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានចំនួន១៥នាក់ ប្រុស៦នាក់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់នេះថា ដោយសារតែបងប្អូនប្រជាពលរដ្ឋ នៅពេលថ្ងៃគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែរវល់នឹងរបររកស៉ី ធ្វើការ ដែលជាហេតុមិនបានទៅធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនោះ ទើបលោកបញ្ជាទៅអធិការទាំង១២ខណ្ឌ សហការជាមួយកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានមានភូមិ និងសង្កាត់ចុះទៅផ្តល់ជូនពួកគាត់ នាពេលយប់តែម្តង ដោយចាប់អនុវត្តពីម៉ោង៦រហូតដល់ម៉ោង១០យប់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «នៅពេលយប់ពួកគាត់អាចមានពេលច្រើន ក្រោយសម្រាកពីការងារ និងធ្វើការ ដូច្នេះអាចមកចូលរួមធ្វើអត្តសញ្ញាណប័ណ្ណហើយ បើនរណាមិនទាន់មានសៀវភៅស្នាក់នៅ គឺមន្រ្តីរបស់យើង នឹងធ្វើជូនពួកគាត់នៅទៅនោះតែម្តង»។

នាយឧត្តមសេនីយ៍ស្នងការ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានសេវាសាធារណ:ទាំងនេះ សូមមកទទួលយកពីមន្រ្តីនគរបាលដែលបានចុះទៅធ្វើផ្ទាល់ដល់លំនៅដ្ឋាន។

ជាទូទៅប្រជាពលរដ្ឋ មានការរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំយុទ្ធសាស្រ្តថ្មី ក្នុងការធ្វើសេវាសាធារណ: ជូនប្រជាពលរដ្ឋនៅពេលយប់បែបនេះ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក នេត ស៊ីថន អធិការនគរបាលខណ្ឌ៧មករា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ ឲ្យមកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ឌ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ រាងរាល់យប់ ប្រសិនបើបងប្អូន ជាប់រវល់ជាមួយការងាររកស៊ី នៅពេលថ្ងៃ ហើយការធ្វើការនៅពេលយប់នេះ គឺចាប់ផ្ដើមពីម៉ោង៦ ដល់ម៉ោង១០យប់៕