(ភ្នំពេញ)៖ អគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយអំពាវនាវដល់ដល់ម្ចាស់ និងអ្នកកាន់កាប់ យានយន្ដគ្មានពន្ធទាំងអស់ ឲ្យរួសរាន់ចូលមកបង់ពន្ធ និងអាករ ឲ្យបានទាន់ពេលវេលា។

អគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គឺជាការចាប់ផ្ដើមអនុវត្តដំណាក់កាល បង្រ្កាបលើយានយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលមិនទាន់ចូលមកបំពេញ កាតព្វកិច្ចពន្ធអាករដោយស្ម័គ្រចិត្ត។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ទៀតថា កន្លងមកមានម្ចាស់យានយន្ដ គ្រប់ប្រភេទភាគច្រើន បានមកធ្វើការចុះបញ្ជី ដោយកក់ប្រាក់ពន្ធអាករចំនួន២០ភាគរយរួចហើយ ប៉ុន្ដែមិនទាន់រូតរះមកបង់ពន្ធ អាករបង្គ្រប់នៅឡើយ។ ឆ្លៀតក្នុងឱកាសនេះ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការក្រើនរំលឹកដល់ម្ចាស់យានយន្ដ គ្មានពន្ធទាំងអស់ ឲ្យរួសរាន់មកបងពន្ធ និងអាករ ឲ្យបានទាន់ពេលវេលា ដូចការកំណត់ខាងក្រោម៖

- សម្រាប់រថយន្ដចង្កូតឆ្វេង និង យានយន្ដផ្សេងទៀតគ្រប់ប្រភេទ នឹងធ្វើការអនុគ្រោះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

- សម្រាប់រថយន្ដចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធ២០ភាគរយ រួចហើយ សូមអញ្ជើញមកបង់ពន្ធអាករសរុបត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ជាកំណត់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា ទាំងស្រុង៖