(កណ្តាល)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត តាមបែបប្រជាធិបតេយ្យ និងបច្ចេកវិទ្យាទំនើបនៅពេលនេះ ដែលការចុះឈ្មោះបោះឆ្នោត៤ ទៅ៥អាណ្តិតកន្លងទៅនេះ មិនបានធ្វើដូច្នេះឡើយ។

ការលើកឡើងរបស់សម្តេចខាងលើនេះ បានធ្វើឡើងគ្រាដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទៅចុះឈ្នោះ បោះឆ្នោតនៅមណ្ឌលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ពីមុនគណបក្សប្រឆាំងបានស្នើឲ្យធ្វើការកែទម្រង់សមាសភាព គ.ជ.ប ប៉ុន្តែនៅពេលនេះ សម្តេចបានកែទម្រង់ទាំងសមាសភាព គ.ជ.ប និងប្រព័ន្ធនៃការចុះឈ្នោះបោះឆ្នោតថែមទៀតផង។

ឆ្លើយតបនឹងការសួររបស់អ្នកកាសែត តើបក្សប្រឆាំងនឹងធ្វើការតវ៉ាទៀតទេ ចំពោះលទ្ធផលនៃការបោះឆ្នោតនោះ សម្តេចតេជោ បានមានប្រសាសន៍ថា​ «វាល្មមដល់ពេលបញ្ឈប់ហើយ បើសូម្បីតែ ចាញ់ Facebook ក៏តវ៉ាដែរ ហើយខ្ញុំសង្ឃឹមថា គេមិនតវ៉ាបែបនេះទេ»