(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីក្រោមឱវាទ និងប្រធានមន្ត្រីគ្រប់បណ្តាអង្គភាព បានប្រគល់វិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន២២៣គ្រួសារ នៅក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនក្បាលដី ពេលបិតផ្សាយចំនួន២៤៣ក្បាលដី។ ដោយឡែកក្បាលដី ដែលត្រូវចេញប័ណ្ណកាន់កាប់ឲ្យប្រជាពលរដ្ឋ​មានចំនួនសរុប២២៣​ក្បាលដី ដែលមានទំហំសរុប១,០៩៩ហិចតា ស្មើរនឹង១៩៨គ្រួសារ។ ក្នុងនោះ លោក ប៊ុន លើត អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បងប្អូន ហើយពេលណាបងប្អូនបានប័ណ្ណកម្មសិទ្ធិហើយបងប្អូនអាចយកប័ណ្ណកម្មផ្ទាល់ខ្លួន ដាក់ក្នុងធនាគារណាមួយដើម្បីយកថវិកា មកធ្វើដើម្បីទុនក្នុង​ធ្វើអាជីវកម្មការងារ​រកស៊ីប្រចាំគ្រួសារ ហើយពេលបានប័ណ្ណកាន់កាប់ស្របច្បាប់ បងប្អូនត្រូវថែរក្សាទុកឲ្យស្រួលកុំឲ្យបាត់។

ក្នុងឱកាសនេះដែរលោក ប៊ុន លើត អភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុងទាំងអស់ នាំគ្នាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់គ្នានៅពេលដល់អាយុ ព្រោះជិតដល់ពេលបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសបន្តទៀត៕