(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសារធារណៈរដ្ឋ លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកមានសិទ្ធិពេញលេញ ក្នុងការសាងសង់ជញ្ជំាង នៅតាមតំបន់ព្រំដែន របស់ខ្លួន ប៉ុន្តែបើលោកឈ្នះឆ្នោតវិញ លោកនឹងប្រាប់ម៉ិកស៊ិកូ ឲ្យចេញថ្លៃកសាងរបងព្រំដែននោះ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។  

ការលើកឡើងបែបនេះ របស់លោកត្រំា ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទសារព័ត៌មានជាមួយនឹង ប្រធានាធិបតីម៉ិកស៊ិកូ លោក Enrique Pena Nieto នៅឯទីក្រុង ម៉ិកស៊ិកូ។ ថ្លែងនៅក្នុងឱកាសនោះទៀត មហាសេដ្ឋីអចលនទ្រព្យរូបនេះ បានលើកឡើងថា «យើងទទួលស្គាល់ និងគោរពសិទ្ធិរបស់បណ្ដាប្រទេស ទំាងអស់ដែលចង់សាងសង់ជញ្ជំាងនៅតាមតំបន់ព្រំដែន ដើម្បីបញ្ឈប់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ការជួញដុរគ្រៀងញៀន និង អាវុធ»

លោក Trump បានបន្តថា «ដើម្បីសម្រេចវត្ថុបំណងនេះ គឺត្រូវតែមានការចែករំលែក ដើម្បីសន្តិសុខប្រជាជន និង កិច្ចសហប្រតិបត្តិការពិតជាមានសារៈសំខាន់ណាស់»។ ចំណែកឯប្រធានាធិបតីម៉ិកស៊ិកូ លោក Enrique Pena Nieto បានលើកឡើងដែរថា «ការធ្វើចំណាកស្រុកក្រៅផ្លូវរបស់ប្រជាជនម៉ិកស៊ិកូ  ទៅកាន់ សហរដ្ឋអាមេរិក មានចំនួនកាន់តែច្រើន កាលពីជាង១០ឆ្នាំមុនមកម្លេះ តែចំនួននេះបានធ្លាក់ចុះមក វិញក្នុងពេលបច្ចុប្បន្ន»។  លោក Enrique បានបញ្ជាក់ទៀតថា« ម៉ិកស៊ិកូនឹងមិនចំណាយប្រាក់សាង សង់ជញ្ជាំងនៅតំបន់ព្រំដែនរបស់ខ្លួន ដូចដែលលោក Trump បានលើកឡើងនោះទេ»

គួររំលឹកផងដែរថា លោក Donald Trump ធ្លាប់បានចោទប្រកាន់ ជនអន្តោប្រវេសន៍ម៉ិកស៊ិកូ ថាជា ឧក្រិដ្ឋជន ចោរ និង ជាអ្នករត់ពន្ធគ្រឿងញៀន។ ប៉ុន្តែជាការឆ្លើយតបលោក Enrique Pena Nieto បានប្រៀបប្រដូច វោហាស័ព្ទរបស់លោក Trump ទៅនឹង Adolf Hitler និង មេដឹកនំាផ្ដាច់ការ អ៊ីតាលី Benito Mussolini៕