(កំពង់ស្ពឺ)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះស្ថានីយ៍ប្រេង សូគីម៉ិចស្ថិតនៅមុខផ្សារកំពង់ស្ពឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅនៅទីរួមខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ ពីព្រោះការឆាបឆេះពីដំបូងមានទំហំធំ ដោយផ្សែងដ៏ខ្មៅងងឹត បានហុយឡើងលើ យ៉ាងខ្មួលខ្មាញ់។

គ្រោះអគ្គិភ័យដ៏ធំមួយនេះ ដែលបានរលត់ទៅទាំងស្រុង នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃដដែលនេះ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចំរុះជាង៦០០នាក់ អមដោយរថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង និងប្រើអស់៦២ជើង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។

របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃនេះ ស្ថិតនៅស្ថានីយ៍ប្រេងឥន្ទៈសូគីម៉ិចនៅទល់មុខផ្សារកំពង់ស្ពឺក្នុង ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមនរបស់លោក អ៉ឹង ឈុនទ្រី។

សម្រាប់មធ្យោបាយជួយសង្គ្រោះរួមមាន៖ កម្លាំងយោធាភូមិភាគ៣ចំនួន១៥០នាក់ កម្លាំងយោធាប្រតិបត្តិការសឹករងខេត្តចំនួន១០០នាក់ កម្លាំងនគរបាលខេត្តចំនួន១៣០នាក់ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៩៩នាក់ កម្លាំងអាជ្ញាធរក្រុង និងកម្លាំងប្រដាប់អាវុធចំនួន១០០នាក់ កម្លាំងយោធាទ័ពជើងគោកចំនួន២០នាក់​ និងកម្លាំងសមាគមចិនចំនួន៣០នាក់ អមដោយរថយន្តសង្គ្រោះ៣គ្រឿងផងដែរ។

សម្រាប់ទំហំនៃការខូចខាតវិញនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមានការបាត់បង់ច្រើនផងដែរ។ ដោយឡែក មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីជាងផ្សាដែក នៅក្នុងរោងដាក់ប្រេងមាស៊ីន ទើបបណ្តាលឆេះតែម្តង៕