(តាកែវ)៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅផ្សារណាត់ ក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំគ្នាចូលរួមជំទាស់ និងតវ៉ាយ៉ាងខ្លាំង ទៅនឹងការចុះមកអនុវត្ត តាមសាលដីកា របស់តុលាការកំពូល ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ដែលប្តឹងរុះរើសំយ៉ាបផ្ទះពួកគាត់ប្រកបរបររកស៊ីនៅទីនោះជិត៣០ឆ្នាំមកហើយ។

ការជំទាស់តវ៉ាពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅពេលដែលលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមអយ្យការ សាលាដំបូង ខេត្តតាកែវ បានដឹកនាំសមត្ថកិច្ច ចុះមកអនុវត្តន៍សាលដីកា របស់តុលាការកំពូល។

លោក ផិល ហ៊ន ដែលបានចូលរួមតវ៉ា បានឲ្យដឹងថា ឈ្មោះ ជូ សែម និងឈ្មោះ យូរ សារ៉ន ពីរនាក់ប្តីប្រពន្ធ បានមករស់នៅទីនេះ តាំងពីឆ្នាំ ១៩៧៩ ដោយបានប្រកបរបររកស៊ី រហូតមកដល់ពេលនេះ ជិត ៣០ឆ្នាំមកហើយ ដោយពួកគាត់ទាំងពីរនាក់ លក់ដូរបន្តិចបន្តួច នៅមុខផ្ទះគ្រាន់ចិញ្ចឹមជីវិត តែផ្ទុយទៅវិញ អ្នកដែលរស់នៅ សំយ៉ាបផ្ទះរបស់គាត់ បានប្ដឹងយកដីមុខផ្ទះ ដែលពួកគាត់កំពុង តែលក់ដូ ហើយត្រូវបានតុលាការ ទាំងបីជាន់ថ្នាក់ កាត់ឲ្យអ្នករស់នៅសំយ៉ាបផ្ទះ ជាអ្នកឈ្នះរហូត។

លោកបានថ្លែងយ៉ាងដូច្នេះថា «ការសម្រេចក្ដីរបស់តុលាការនេះ គឺជាអំពើអយុត្តិធម៌ជាទីបំផុត ចំពោះអ្នកក្រីក្រ អ្នកគ្មានលុយកាក់ គ្មានបុណ្យស័ក្តិ ពួកយើងតែងតែក្លាយខ្លួនជាជនរងគ្រោះជានិច្ច នៃអំពើអយុត្តិធម៌ ហើយពួកគាត់នៅតែរក្សាជំហរដាច់ខាត ក្នុងការជំទាស់តវ៉ា ទៅនឹងការចុះមកអនុវត្តសាលដីកា តុលាការកំពូលនេះ»។        

លោក យូ សារ៉ន ដែលជាជនរងគ្រោះ បានថ្លែងបញ្ជាក់ទាំងទឹកភ្នែកថា «ដីមុខផ្ទះដី គឺជាកន្លែង ដែលខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធ ប្រកបរបររកស៊ីចិញ្ចឹមជីវិតមនុស្សមួយគ្រួសារជិត៣០ឆ្នាំ ហើយក៏ជាកន្លែងឆ្នាំងបាយសម្រាប់ខ្ញុំ លក់ដូររហូតដល់ចាស់ ខ្ញុំមិនចង់បានអ្វីក្រៅពីទុកកន្លែងមុខផ្ទះហ្នឹង សម្រាប់លក់ដូរ ហើយក៏សុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយដោះស្រាយ និងអន្តរាគមន៍ឲ្យពួកខ្ញុំបានលក់ដូរនៅទីនោះផង»

លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅអនុវត្តសាលដីកា បានគូសបញ្ជាក់ថា នេះគឺជាការចុះមកអនុវត្តទៅតាមសាលដីការ របស់តុលាការកំពូល ដែលឲ្យកូនបំណុល ដែលជាអ្នកចាញ់ក្តី ត្រូវរុះរើសំយ៉ាបមុខផ្ទះ រួមនឹងសម្ភារៈលក់ដូរមុខផ្ទះដទៃទៀត ទៅតាមការស្នើសុំពី ម្ចាស់ដើមបណ្តឹង។

លោកព្រះរាជអាជ្ញារងបាន បន្តទៀតថា «ទន្ទឹមនឹងការចុះមកអនុវត្តសាលដីកា របស់តុលាការកំពូល យើងក៏បានសម្របសម្រួលគ្នា ជាមួយភាគីទាំងសងខាង ដោយឲ្យកូនបំណុល រើសម្ភារៈមួយចំនួន ចេញពីមុខផ្ទះ ហើយឲ្យម្ចាស់ផ្ទះដើមបណ្តឹងមានផ្លូវចេញចូល ប៉ុន្តែនៅពេលមិនអាច សម្របសម្រួលគ្នាបាន ហើយមិនតែប៉ុណ្ណោះក៏មាន ប្រជាពលរដ្ឋបានជំទាស់តវ៉ាផងដែរនោះ គឺយើងមានតែផ្អាកការចុះ មកអនុវត្តជាបណ្ដោះអាសន្នសិន»