(ភ្នំពេញ)៖ លោក ស៊ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ដំណើរការចុះឈ្មោះបោះឆ្នោតគ្រប់ការិយាល័យ នៅទូទាំងប្រទេសដំណើរការល្អជាធម្មតា មានបញ្ហាតែ២ការិយាល័យប៉ុណ្ណោះ ដោយសារបញ្ហាភ្ជាប់ Internet ទៅកាន់ Server ។ លោក ស៊ិន ប៊ុនហុកថា បញ្ហានេះ ត្រូវបានក្រុមបច្ចេកទេស បានព្យាយាមសម្រួលបានទាន់ពេលវេលា មិនបានបញ្ហាអ្វីចោទឡើយ ។ ការិយាល័យ ដែលមានបញ្ហាមាននៅខេត្តកណ្តាល និងខេត្តកំពង់ចាម។

លោក ស៊ិន ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ ខណៈលោក អញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតថ្មី នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ បឹងកេងកង៣ ស្ថិតនៅរាជធានីភ្នំពេញ។

លោក ស៊ិន ប៊ុនហុក បានបន្ថែមទៀតថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ថ្ងៃបើកឆាកដំបូងនៃការចុះឈ្មោះបោះឆ្នោត ថ្ងៃដំបូង គឺមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានទៅចុះឈ្មោះបោះឆ្នោតដោយសប្បាយរីករាយ និងបានកាន់អត្តសញ្ញាណប័ណ្ណគ្រប់គ្នា។ លោក ស៊ិន ប៊ុនហុក បានបន្តថា នេះ គឺជាសញ្ញាមួយដ៏ល្អសម្រាប់ គ.ជ.ប ហើយ លោករំពឹងថា ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រនេះគឺ មានភាពសុក្រឹត្យ និងងាយស្រួលជាងមុន។

ជាមមួយគ្នានោះដែរ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការហោះហើរឧទ្ធម្ភាគចក្រ និងហ្វឹកហ្វឺនបើកកាណូតរបស់កងកម្លាំង កាលពីម្សិលមិញ មិនបានប៉ះពាល់ដល់ការបោះឆ្នោតទេ។ លោកបន្តថា ដំណើរការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃនេះដំណើរល្អជាធម្មតា។

ប្រធាន គ.ជ.បរូបនេះ ក៏បាន អរគុណដល់ម្ចាស់ជំនួយ ដែលបានជួយសម្រូលការងារ និងផ្តល់ជាសំភារៈបច្ចេកទេស ដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនេះផងដែរ៕