(បន្ទាយមានជ័យ)៖ បុរសស្រវឹងស្រាជោកម្នាក់​ បានបើករថយន្តធន់ធំ សម្រាប់ដឹកគ្រឿងចក្ររេពេញ ផ្លូវជាតិលេខ៥ និងបុកបន្តបន្ទាប់ ទំរាំសមត្ថកិច្ចប្រដេញស្ទាក់ចាប់បាន បានបណ្ដាលអោយ មនុស្ស ២នាក់ រងរបួស និងខូចខាតរថយន្ត ម៉ូតូអស់មួយចំនួន ដោយអ្នកឃើញហេតុការណ៏​ បាននាំគ្នាលាន់មាត់ថានេះ សំណាងហើយ ចេះចាប់ជាប់ បើបណ្ដោយអោយ បើកទៅមុខទៀតមិនដឹងមាន មនុស្សប៉ុន្មាននាក់នោះទេ នឹងស្លាប់ និងរបួសដោយសារតែអ្នកបើកបរស្រវឹងរូបនេះ។

ហេតុការណ៍នេះបានកើតឡើង កាលម៉ោង ៤ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនៅលើផ្លូវជាតិ លេខ ៥ត្រង់ ចំណុចលក់ក្រឡាន ក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកស៊ី ឌី អធិការស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តម៉ាកហីយ៉ាន់ដាយ ពណ៌ស ធុនធំ គ្មានស្លាកលេខ បើកដោយឈ្មោះហ៊ាន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោក អំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បើកបររថយន្តទាំងស្រវឹង និយាយស្តាប់គ្នាមិនបានពីត្បូងទៅជើង។

លុះបើកមកដល់ចំណុច កើតហេតុបានរេចង្កូត ទៅបុកគៀម៉ូតូ ម៉ាកហុងដា ធុនសេ ១០០ ពណ៌ក្រហម ពាក់ ស្លាកលេខ ក-0363 បន្ទាយមានជ័យ១ បើកបរដោយឈ្មោះដួង សង្ហា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ឌុបប្រពន្ធឈ្មោះលីវ ស៊ុ អាយុ៤៦ឆ្នាំ ស្របទិសគ្នា បណ្ដាលឲ្យម៉ូតូ ដួលបោកទៅលើថ្នល់ជាតិ ធ្វើឲ្យ២នាក់ប្ដីប្រពន្ធរង របួសធ្ងន់ ហើយរថយន្តបង្កនោះ​បានបើករត់រហូត ទៅដល់ រង្វង់មូលយាយជីច្រូតស្រូវក៏បានបន្តទៅបុកនិងរថយន្ត១គ្រឿង ទៀតម៉ាកតូយ៉ូតា តាកូម៉ាធុនតូចពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AD -8470 ម្ចាស់ឈ្មោះ ងុយេន វ៉ឹកង៉ឹន ភេទប្រុស អាយុ៣៣ឆ្នាំ ជន ជាតិវៀតណាម ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ដែលឈប់នៅស្ងៀម។

ក្រោយពីកើតហេតុរួច ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ចំណែកឈ្មោះហ៊ាន វាសនា អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួន ហើយទាំងវត្ថុតាងបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកមង្គលបូរីដើម្បីដោះស្រាយ និង បញ្ជូនសំណុំរឿងជនបង្ក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។ អ្នកឃើញហេតុការណ៏ នៃសកម្មភាពជនប្រមឹក បើករថយន្តធុនធំបង្កគ្រោះថ្នាក់ ខាងលើនេះ បាននាំគ្នា សំណូមពរសូមអោយតុលាការ ចាត់ការទោសទណ្ឌ អោយបានធ្ងន់ធ្ងរបន្តិច បើមិនដូច្នេះទេ មិនរៀងចាលឡើយ ៕