(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង អាហារបំប៉នសុខភាព ១កេស ឃីត៤ (មុង ភួយ ក្រមា សារុង) និងថវិកាមួយចំនួន ជូន អ៊ំស្រី​ ធីម​ ឆេងណៃ​ អាយុ ៦៣ឆ្នាំ​ រស់នៅភូមិស្ទឹង​ ឃុំពពេល​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​  ដែលកំពុងមានជំងឺទឹកនោមផ្អែម និងរលាកបាតភ្នែកធ្ងន់ធ្ងរ។

បន្ទាប់ពីបានសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួចមក លោកស្រីអគ្គលេខាធិការរងទី ១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងបានចាត់ឲ្យក្រុមការងារជូនអ្នកជំងឺ ទៅពិនិត្យ និងទទួលការព្យាបាលជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះកុសុមៈ។

បន្ទាប់ពីព្យាបាលជំងឺទឹកនោមផ្អែមរួច នឹងបញ្ចូនគាត់ទៅវះកាត់ព្យាបាលភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ៕