(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៣១ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងពន្លឿនការសាងសង់ ស្ថានីយ៍បូមទឹកបឹងត្របែក ដែលស្ថានីយ៍នេះ នឹងរួចចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការលិចលង់ ក្នុងខណ្ឌ៣ គឺខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា។

លោក ប៉ាសុជាតិវង្ស បានសរសេរក្នុង Facebook ផ្លូវការរបស់លោក នៅថ្ងៃទី៣១ ខែសីហានេះថា «រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុង បុកបេតុងជញ្ជាំប្រឡាយ ស្ថាបនាផ្លូវជាប់ប្រឡាយ និងជីកស្ដារភក់នៅប្រឡាយបឹងត្របែក។ ទន្ទឹមនឹងនេះ ស្ថានីយ៍បូមទឹកបឹងត្របែក ដែលកំពុងសាងសង់ផងដែរនោះ នឹងធ្វើអោយការដោះស្រាយបញ្ហាទឹកលិច នឹងជួយកាត់បន្ថយការលិចលង់ នៅខណ្ឌដូនពេញ ៧មករា និងចំការមន»

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ស្ថានីយបូមទឹកបឹងត្របែកនេះ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ មានបំពាក់ម៉ូទ័របូមទឹកចំនួន១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣.៣ម៉ែត្រគូប ក្នុង១វិនាទី គឺកើន៣ដង ធៀបនឹងស្ថានីយ៍ចាស់៕