(កណ្ដាល)៖ និស្សិត និងសាស្រ្តាចារ្យ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ប្រមាណជា៤០នាក់ សហការជាមួយ Czech University Of Life Sciences Prague នៃសាធារណៈរដ្ឋឆេក បានរៀបចំកម្មវិធី​ទស្សនកិច្ចសិក្សា សម្រាប់និស្សិត និងសាស្រ្តាចារ្យ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅក្នុងកសិដ្ឋានចិញ្ចឹមត្រី៧មករា ស្ថិតនៅក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលមានម្ចាស់​កសិដ្ឋាន ឈ្មោះ​ វ៉ិត គង់ពិសិដ្ឋ។

បើតាមការឲ្យដឹង ពីសំណាក់លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល​​ខេត្តកណ្ដាល បានប្រាប់ Fresh News ឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើង​ក្នុងគោលបំណង ផ្ដល់បទពិសោធន៍ ដល់និស្សិតទាំងក្នុង និងក្រៅប្រទេស ដើម្បីសិក្សាស្វែងយល់ អំពីដំណើរការផលិតកូនត្រី និងការចិញ្ចឹមសត្វគន្ធាយ។

លោកបន្តថា កសិដ្ឋានចិញ្ចឹមត្រី៧មករា តែងតែបើកឱកាសឲ្យបណ្ដានិស្សិត ដែលចង់មកទស្សនកិច្ចសិក្សា ដើម្បីទទួលបានចំណេះដឹង ក្នុងវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមត្រី ការភ្ញាស់កូនស្រី ហើយនេះជាលើកទី២ហើយ សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ខណៈដែលទស្សកិច្ចសិក្សា​ស្វែងយល់នេះ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្ដង៕