(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ​អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសឧបត្ថម្ភ១ម៉ឺនដុល្លារ ដល់កម្មវិធីរាត្រីសមោសររបស់ ស.ស.ស.ក ​នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ សម្រាប់ជួយទ្រទ្រង់ដំណើរការ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បន្តទៅមុខទៀត។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភរបស់ អ្នកឧកញ៉ា​ គិត ម៉េង ហើយបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់អ្នកជំនួញ ដ៏ល្បីនៅកម្ពុជា។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនោះ បានសម្តែងនូវក្តីសង្ឃឹមថា កម្មវិធីរាត្រីសមោសរខាងមុខនេះ នឹងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា ព្រមទាំងលោកឧកញ៉ា ជាច្រើនរូបទៀតផងដែរ។   

​សូមជំរាបថា អ្នកឧកញ៉ា គិត ម៉េង ត្រូវបានបងប្អូនប្រជាពលរដ្ឋកោតសរសើរថា ជាឧកញ៉ា ដែលមានសណ្តានចិត្ត សណ្តោសប្រណី និងទូលំទូលាយ តែងចូលរួមក្នុងការងារ មនុស្សធម៌ជួយសង្គម និងជនទីទ័លក្រ ហើយតែងបានជួយឧបត្ថម្ភដល់បុគ្គលិក ដែលមានការ ខ្វះខាតផងដែរ៕