(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្តល់ទឹកបរិសុទ្ធ អង្គរពូរ៉ូ៥ពាន់កេសតាមរយៈ ក្រុមហ៊ុនស្រាបៀរអង្គ ចែកជូនដល់រដ្ឋបាលខេត្ត ដើម្បីប្រគល់ជូនពលរដ្ឋ៨ស្រុក ដែលកំពុងខ្វះទឹកប្រើប្រាស់ និងបរិភោគ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរអគុណដល់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានឲ្យក្រុមការងារ ការចុះចែកទឹកជូនពលរដ្ឋនេះ ធ្វើឡើងដោយមានការផ្ដួចផ្ដើម ពីសកម្មភាពចែកទឹកជូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយក្រុមហ៊ុនស្រាបៀរអង្គរ បានបើកយុទ្ធនាការចុះចែកទឹកបរិសុទ្ធអង្គរពូរ៉ូជូនដល់ ប្រជាពលរដ្ឋរស់ នៅក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងនោះ កំពុងជួបនឹងបញ្ហាកង្វះទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកអភិបាលខេត្តបន្តថា សម្រាប់យុទ្ធនាការ ផ្តល់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តមាន៨ស្រុក ដោយទឹកសុទ្ធមាន៥ពាន់កេស ក្នុង១ស្រុក ទទួលបាន៦២៥កេស ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋជាបន្ត។

ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនស្រាបៀរអង្គរ បានឲ្យដឹងថា ក្រុមហ៊ុនស្រារបៀរអង្គរ គឺជាក្រុមហ៊ុនឈានមុខគេក្នុងការចូលរួមចំណែក ក្នុងការងារសង្គម និងការចូលចំណែកជំរុញការអភិវឌ្ឍដល់សង្គមជាតិ ឲ្យកាន់តែមានភាពរីកចម្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃជាពិសេស ការចូលរួមចែកទឹកស្អាតនៅពេលនេះ គឺជាការជួយទាន់ពេលវេលារ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងការប្រើប្រាស់ ទឹកជាប្រចាំថ្ងៃ នៅក្នុងរដូវជួបភាពរាំងស្ងួតនេះ៕