(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលកំពុងសំងំនៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅថ្ងៃនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់របស់ខ្លួន ក្នុងអំឡុងពេល៣ខែ ខាងមុខនេះ។

នៅលើទំព័រ Facebook នៅថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៦នេះ លោក កឹម សុខា បានបង្ហោះវីដេអូរបស់ខ្លួន ដោយសរសេរថា «ខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ជាអ្នកតំណាងរាស្រ្ដ និងជាប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ សូមអំពាវនាវចំពោះបងប្អូនជនរួមជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត សូមមេត្ដានិមន្ដ និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦»

ការចុះឈ្មោះបោះឆ្នោតដែលរៀបចំថ្មីនៅកម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា ស្អែកនេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ថា លោក កឹម សុខា ដែលអវត្តមានក្នុងការចូលបំភ្លឺនៅតុលាការចំនួន២លើក ក្នុងនាមជាសាក្សីនៃសំណុំរឿងសញ្ចារកម្ម បាននិងកំពុងស្នាក់នៅទីស្នាក់ការ របស់គណបក្សសង្រ្គោះជាតិ។ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់រូបលោកពីបទមិនចូលខ្លួន ហើយករណីនេះនឹងត្រូវជំនុំជម្រះនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ខណៈដែលក្រុមមេធាវីរបស់លោក ស្នើឱ្យឧទ្ធរណ៍ជួយបង្អាក់ដំណើរការនីតិវិធីនៅតុលាការក្រុងភ្នំពេញផងដែរ៕