(ភ្នំពេញ)៖ ដើម្បីសម្រួល នឹងបើកឱកាសការងារដល់ប្រជាជនកម្ពុជា កាន់តែមានភាពទូលំទូលាយ ពិសេសសម្រាប់កម្មករ-កម្មការិនី សមាគមរោងចក្រកាត់ដេរ កម្ពុជា (GMAC) និងវិទ្យុ NRG 89 FM បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្ដិការជាមួយគ្នា ក្នុងការពង្រីកវិសាលភាពព័ត៌មានទាំងឡាយណា ដែលទាក់ទងទៅនឹង​ដំណឹង វិស័យកាត់ដេរនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើង រវាង​ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា និងតំណាងឲ្យ GMAC លោក វ៉ាន់ សូអៀង និងលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន Worldbridge International និងជាតំណាង​វិទ្យុ NRG 89 FM នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

លោក វ៉ាន់ សូអៀង ថ្លែងឲ្យដឹងថា «កម្មកររោងចក្រជាច្រើន មិនបានអានកាសែតទេ ព្រោះព្រឹកឡើងគាត់ចូលទៅធ្វើការងារហើយ ដូច្នេះចាប់ពីពេលនេះទៅ គាត់នឹងអាចទទួលបានព័ត៌មាន​គ្រប់បែប​យ៉ាងជុំវិញ វិស័យកាត់ដេរនៅកម្ពុជា ឬសេចក្ដីប្រកាសរកកម្មករ-កម្មារិនីបន្ថែមទៀត តាមរយៈវិទ្យុ NRG 89 FM ពិសេសការសួរសុខទុក្ខ ក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈវិទ្យុបានគ្រប់ពេលវេលា និង​គ្រប់ទីកន្លែងបាន ព្រោះវិទ្យុនេះ បានពង្រីកការផ្សាយ នៅ​ទូទាំង២៥ ខេត្ដក្រុង»។

ទន្ទឹមនឹងនោះ លោកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងផងដែរថា «​ជាការពិតណាស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅនេះ កម្មករ-កម្មការិនី នឹងមានភាពងាយស្រួល ក្នុងទទួលបានព័ត៌មាន​ជុំវិញពិភពលោក ពិសេសទាក់ទិនទៅនឹងវិស័យកាត់ដេរនៅកម្ពុជា ឱកាសស្វែងរកការងារធ្វើទូទៅ និងសេចក្ដីប្រកាសផ្សេងៗពីGMAC រួមទាំងបទចម្រៀងពិរោះៗ គ្រប់ពេលដែលពួកគាត់កំពុងធ្វើការងារផងដែរ ដែលនេះជាផ្នែកមួយ ដែលជួយសម្រាលភាពហត់នឿយពីការងារ រួមទាំងអាចចូលរួមជជែកកំសាន្ដ ក្នុងកម្មវិធីទាំងអស់ នៅក្នុងវិទ្យុនេះបាន ផងដែរ» ។

គួរបញ្ជាក់ផងដែរ​ថា វិទ្យុ NRG 89 FM ដែលជាវេទិការតន្ដ្រីសុទ្ធ គ្របដណ្ដប់ទូទាំងប្រទេស មានបទចម្រៀង ជាតិ-អន្ដរជាតិ គ្រប់ចង្វាក់ ដែលកំពុងពេញនិយម គ្រប់ស្រទាប់យុវវ័យ ពិសេស មានបទចម្រៀង​មិនចម្លងពីគេ (Original Music) និងកាន់តែមានអត្ថប្រយោជន៍នោះ គឺដំណឹងជ្រើសរើសបុគ្គលិក​គ្រប់ផ្នែក ,អប់រំសុខភាព ,ច្បាប់ចរាចរណ៍, សំណូមពរបទចម្រៀង និងដំណឹងជុំវិញនឹងវិស័យកាត់ដេរ នៅកម្ពុជាជាចម្បង​៕