(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពិធីបើកសម្ពោធរឿង «៣០ថ្ងៃ» នៅរោងភាពយន្ត Legend នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៉ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែង​ក្នុង​ភាពជឿជាក់ថា រឿង​ «៣០ថ្ងៃ» ដែលជាភាពយន្តខ្នាតធំ កំពុងតែដាក់បញ្ចាំងនេះ គឺពិតជាល្អមើលជាងរឿងមុនៗ ព្រោះតែរឿងនេះ មានឈុតឆាកប្លែកៗជាច្រើន ជាពិសេសគឺភាពកំប្លុកកំប្លែង របស់តួអង្គនីមួយៗ ដែលធ្វើឲ្យផ្ទៃរឿងទាំងមូល មានសភាពរស់រវើក អ្នកទស្សនា​សើចបិទមាត់មិនជិត។

លោក អ៉ិន សុភិន បានអះអាងទៀតថា អ្វីដែលកាន់តែពិសេស​សម្រាប់​ទស្សនិកជននោះ គឺរឿង «៣០ថ្ងៃ» មានការចូលរួមសម្ដែង ពីសំណាក់នាយ គ្រឿន តារាកំប្លែងដ៏ល្បី ក្នុងក្រុមកំប្លែង នាយ ពែកមី និងលោក BIG ដែលជាវត្តមាន​ក្នុងរឿងដំបូង របស់ផលិតកម្ម មហាហង្ស ហើយតួអង្គនីមួយៗប្រឹងប្រែង​ លេងអស់ពីលទ្ធភាព ដោយផ្ដោតសំខាន់​លើឈុតឆាក កំប្លែងច្រើន។ ជាមួយគ្នានេះ​រឿង «៣០ថ្ងៃ» ក៏ជារឿងមួយត្រូវបាន​ប្រើបច្ចេកវិទ្យាថ្មី កាមេរ៉ាថ្មី ដែលផលិតកម្ម មហាហង្ស ទើបតែនាំចូល ហើយបានសាកល្បង​ ថតរឿងនេះមុនគេ។

លោកបន្ថែមថា ភាពយន្តខ្នាតធំ​រឿង «៣០ថ្ងៃ»​ ក្រៅពីមានឈុតឆាកកំប្លែងច្រើន នៅក្នុងសាច់រឿង ក៏មានឈុតពាក់ព័ន្ធ​នឹងអបិយ៍ជំនឿ ខ្មោចព្រាយ បិសាច ភ័យរន្ធត់ផងដែរ ហើយក៏មានការអប់រំដល់សង្គម ត្រង់បុគ្គល​ជាបុគ្គលិកក្រុមហ៊ុន ជាមនុស្សល្អ ជួយត្រួសត្រាយផ្លូវ ដើម្បីឲ្យបានកន្លែងមួយ ដែលគេបោះបង់ចោល​ទៅហើយនោះ មកក្លាយជាកន្លែង​ធម្មតា មានមនុស្សរស់នៅ​ដូចដើមវិញ។ បើនិយាយឲ្យខ្លី គឺបានន័យថា ការតស៊ូរបស់មនុស្សល្អមួយក្រុម អាចជំនះបាននូវរឿងរ៉ាវ ទាំងផ្លូវងងឹត និងផ្លូវភ្លឺ។

យ៉ាងណាមិញ ស្របពេល​ជាមួយនឹងរឿង «៣០ថ្ងៃ» ដែលកំពុងតែដាក់បញ្ចាំង តាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញនេះ លោក អ៉ិន សុភិន បានបង្ហាញក្ដីរំពឹង​យ៉ាងមុតមាំថា នឹងទទួលបានជោគ​ជ័យខ្ពស់ ទោះបីបច្ចុប្បន្ន មានភាពយន្តរបស់ផលិតកម្ម​​ផ្សេងៗជាច្រើន កំពុងតែមានការប្រកួត​ប្រជែង​ លើទីផ្សារក្ដី។ លោកយល់ថា រឿង «៣០ថ្ងៃ» ត្រូវបានផលិតកម្ម មហាហង្ស សម្រិតសម្រាំង​យ៉ាងពិសេស ផ្ដោតសំខាន់លើគុណភាពជាចំបង ហើយតួសម្ដែងសុទ្ធសឹងតែ កំពុងតែមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ទើបលោករំពឹងខ្ពស់បែបនេះ។

រឿង «៣០ថ្ងៃ» មានការចូលរួមសម្ដែង ដោយតារាល្បីជាច្រើនដួង រួមមាន អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, នាយ គ្រឿន, លោក BIG, លោក ជា សំណាង, លោក ប៉ែន ស៊ីមន, កញ្ញា ប៉ែន ស្រីពេជ្រ ព្រមទាំងតារាល្បីៗជាច្រើនទៀត។ រឿង «៣០ថ្ងៃ» នឹងដាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានា ចាប់ពីថ្ងៃនេះតទៅ៕