(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការបន្ទាន់នៅព្រឹកថ្ងៃពុធនេះ និងចាប់បានជនសង្ស័យជា បណ្តាញក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ដែលកំពុងតែរៀបចំផែនការ ធ្វើការវាយប្រហារទៅលើ ទីកន្លែងកម្សាន្ត ល្បីៗ, ស្ថានីយ៍ប៉ូលិស, និង ទីប្រាសាទល្បីៗនៅតំបន់ Batu Caves ជាដើម។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

តាមការអះអាងរបស់កម្លាំងប៉ូលិស ម៉ាឡេស៊ី ក្រុមជនសង្ស័យទាំងបីនាក់ខាងលើនេះ បានគ្រោងវាយប្រហារ តំបន់ទាំងបីដោយប្រើប្រាស់គ្រាប់បែក និង កាំភ្លើង នៅអំឡុងថ្ងៃបុណ្យជាតិម៉ាឡេស៊ី ដែលប្រជាជនជាច្រើន ទាំងជាតិ និងអន្តរជាតិត្រូវបានគេរំពឹងថា នឹងធ្វើមកដំណើរកម្សាន្ត ព្រមទាំងឆ្លងកាត់តំបន់ទាំងនោះ។ រហូតមកដល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ី កំពុងធ្វើការរឹតបន្តឹងសន្តិសុខខ្លាំង ខណៈជនសង្ស័យ ដែលត្រូវចាប់ខ្លួន អាចមានបន្ថែមលើសពីនេះទៀត៕