(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅខារ៉ាអូខេ «ញូហ្សឺលែន» ជាប់ផ្សារមាន់អាំងស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយភ្ញៀវប្រុសៗ ចំនួន ៥នាក់ និងនារី២នាក់ទៀតជាបុគ្គលិក សង្ស័យពុលអាហារក្នុងខារ៉ាអូខេ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោក ហ៊ុន សុធី អធិការខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា ករណីដែលសង្ស័យពុលអាហារនេះ បានកើតឡើង តាំងពីយប់មិញមកម្ល៉េះ ប៉ុន្តែខាងម្ចាស់ខារ៉ាអូខេនេះ បានបិទបាំងព័ត៌មានមិនឲ្យសមត្ថកិច្ចដឹង ទើបតែនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ ខាងមន្ទីរពេទ្យបានរាយការណ៍មកសមត្ថកិច្ច។

លោកអធិការបានបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ កំពុងជួយសង្គ្រោះបន្ទាន់ ដោយមិនទាន់ដឹងខ្លួននៅឡើយនោះទេ៕