(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីស្នើលើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពី តំណាងគណៈកម្មការជំនាញនានា។

លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធ បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ បន្ទាប់ពីមានការកោះហៅពីតុលាការ។

ទោះជាយ៉ាងណា ការស្នើលើកអភ័យឯកសិទ្ធិនេះ ធ្វើឡើងតាមសំណើរបស់ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន៕

ខាងក្រោមជាសេចក្ដីជូនដំណឹង របស់ព្រឹទ្ធសភា៖