(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេស លួចស្នាក់នៅ ធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធ Internet នៅ៣ទីតាំងផ្សេងគ្នា ចំនួន៨១នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ប្រតិបត្តិការទី១ ធ្វើនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិនបានចំនួន ៦៤នាក់ ស្រីចំនួន០៨នាក់ ពីបទគំរាមជំរិតទារប្រាក់តាមប្រព័ន្ធ Internet ( VOIP Gateway) ដោយរឹបអូសរួមមានវត្ថុតាងប្រព្រឹត្តបទល្មើស ទូរស័ព្ទលើតុចំនួន៥៦គ្រឿង និងដុំ VOIP ចំនួន៥៧គ្រឿង និងសម្ភារតភ្ជាប់បណ្តាញ Wifi មួយចំនួន​ Coputers Laptop ចំនួន០៨គ្រឿង។ ២-ទីតាំង Karaoke 70 នៅក្នុងភូមិ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយពិនិត្យឃើញជនជាតិវៀតណាមចំនួន១០នាក់ ស្រី៧នាក់ ពីបទគ្មានលិខិតឆ្លងដែន និងទីតាំ Karaoke 007 នៅសង្កាត់ផ្សាកណ្តាល ខណ្ឌដូនពេញ ដោយពិនិត្យឃើញជនជាតិវៀតណាមចំនួន៧នាក់ស្រីចំនួន៤នាក់ ពីបទគ្មានលិខិតឆ្លងដែន។

សម្រាប់ជនបរទេសទាំង៨១នាក់នេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕